ភ្នំពេញ៖ សហព័ន្ធបានបន្ដបើកវគ្គហ្វឹកហ្វឺនថ្មីអន្ដរាគមន៍ពិសេសក្បាច់គុនល្បុក្កតោមួយទៀត នៅកងពលតូចថ្មើរជើងលេខ៥១ នាស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ។ ដោយមានកិច្ចសហការល្អ រវាងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកងយោធពលខេមរភូមិន្ទ គឺមានសិក្ខាកាមចូលរួមសរុបជិត ១០០នាក់ ស្របពេលពិធីបិទក្នុងសប្ដាហ៍នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។
អគ្គលេខាធិការសហព័ន្ធ លោក អ៊ូ តារា បានបង្ហាញនូវក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការរួមចំណែកជាមួយវិស័យកងទ័ព តាមរយៈការចែករំលែកបទពិសោធន៍របស់គុនល្បុក្កតោ ។
លោកថ្លែងថា៖ រយៈពេល ៤ឆ្នាំកន្លងមក ដែលសហព័ន្ធ បានសហការជាមួយកងយោធពលខេមរភូមិន្ទ សហព័ន្ធបានបញ្ជ្រាបក្បាច់គុនរបស់បុព្វបុរសខ្មែរនេះ ដល់កងទ័ពជាច្រើន ពិសេសដោយមានការគាំទ្ររបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។
អគ្គលេខាធិការបន្ដថា ៖ក្នុងដំណើរអភិវឌ្ឍន៍វិស័យកីឡាគុនល្បុក្កតោ នៅក្នុងវិស័យការពារជាតិនេះដែរ បច្ចុប្បន្នភាគីទាំងពីរ មិនត្រឹមតែមានវគ្គបំប៉នជាបន្ដបន្ទាប់នោះទេ តែសហព័ន្ធក៏កំពុងដំណើរការរៀបចំចងក្រងឯកសារសៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ ហើយបាននឹងកំពុងរៀបចំជាឯកសារវីដេអូ សម្រាប់បង្កភាពងាយស្រួល ក្នុងការផ្ទេរនូវជំនាញក្បាច់គុនក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងបណ្តុះបណ្តាលយោធាចារ្យក្បាច់គុន សម្រាប់បំពេញតម្រូវការរបស់អង្គភាពកងកម្លាំងនានាផងដែរ ។
សូមរំលឹកថា៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក តែងផ្តល់ជាអនុសាសន៍ថា៖ ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ គឺស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ, ការពារបូរណភាពទឹកដី, ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ តាមរយៈការកសាងពង្រឹងអង្គភាព, សាមគ្គីផ្ទៃក្នុង ដើម្បីរួមគ្នាបំពេញភារកិច្ចជូនជាតិមាតុភូមិ។ ដើម្បីសម្រេចភារកិច្ចនេះ គឺទាមទារឱ្យមានការដឹកនាំដោយមានការចូលរួមទាំងអស់គ្នា ក្រោមធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អ រួមគ្នាជាអង្គភាពតែមួយ ដោយមិនត្រូវឱ្យមានការបែកបាក់ផ្ទៃក្នុងអង្គភាព ឬការប្រៀបធៀបគ្នាឡើយ ព្រោះវិធីសាស្ត្រអាចខុសគ្នា ប៉ុន្តែទិសដៅគឺតែមួយ ហើយធ្វើយ៉ាងណារក្សាឱ្យបាននូវនិរន្តរភាពនៃសាមគ្គីភាពនេះ ដើម្បីឱ្យអង្គភាពដើរទៅមុខកាន់តែរឹងមាំ៕
ដោយ៖ សិលា