ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ឧបត្ថម្ភអគារសិក្សា១ខ្នង និងបន្ទប់ទឹក៦បន្ទប់ ដល់អនុវិទ្យាល័យ ហ៊ុន សែន ស្អាងភ្នំ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិកសភាមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង បានពិនិត្យអគារការិយាល័យនៅសាលាស្រុកស្អាង ដែលមានសភាពចាស់ និងចាំបាច់ត្រួវជួសជុល និងកែលម្អ។

លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ក៏បានចុះពិនិត្យទីតាំងអគារទីស្នាក់ការគណបក្សស្រុកស្អាងដើម្បីរៀបចំជួសជុលនិងកែលម្អឡើងវិញ។ បន្ទាប់មក លោកបានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូនៅក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ស្អាងភ្នំ  និងពិនិត្យមើលទីតាំងសាងសង់អគារសិក្សា១ខ្នង មាន៦បន្ទប់ និងបន្ទប់ទឹកចំនួន៦ ព្រមទាំងផ្តល់ថវិកាសម្រាប់សាងសង់បង្ហើយបណ្ណាល័យ បំពាក់សម្ភារពាក់ព័ន្ធដល់អនុវិទ្យាល័យនេះផងដែរ។

 លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តជួបសំណេះសំណាលជាមួយមន្រ្តីមន្ទីរសុខាភិបាលខេត្តកណ្តាល  និងបុគ្គលិកពេទ្យ នៅក្នុងមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅ ព្រមទាំងផ្តល់អំណោយជូនមន្ទីរពេទ្យនេះនូវម៉ាស់ចំនួន២០.០០០ម៉ាស់ និងសម្លៀកបំពាក់ពេទ្យចំនួន១.០០០ ឈុត៕

ដោយ៖ សិលា


ចែករំលែក៖