ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទោសខ្មែរ ៣នាក់ ថៃបានបញ្ជូនឱ្យត្រឡប់មកវិញក្រោយជាប់ទោស២ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ក្រោយជាប់ទោសចំនួន ២ឆ្នាំ ក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់អ្នកទោសខ្មែរប្រុសស្រី ចំនួន៣នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនខ្លួនត្រឡប់មកវិញ តាមច្រកអន្តរជាតិជាំ ។

អាជ្ញាធរថៃ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៣នាក់ តាមច្រកអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ដែលត្រូវទាហានថៃ ចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង ចូលតាមច្រកឈើទាលគង និងបាននាំទៅឃុំខ្លួននៅខេត្តឧប៊ុន ប្រទេសថៃ។ នេះបើតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា នៅវេលាម៉ោង០១៖៣៦នាទីថ្ងៃទី០៨ ខែសីហាឆ្នាំ២០២០។ 

អ្នកទាំងនោះរួមមានទី១៖ ឈ្មោះ សាយ សាលី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិត្រាចខោ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ទី២៖ ឈ្មោះ សោម ម៉ន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំអូរក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ទី៣៖ ឈ្មោះ ចាប លើម ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

តាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបន្តថា៖ បន្ទាប់ពីបានស្គែនកម្តៅរកមេរោគកូវីដ-១៩ និងលាងសម្អាតខ្លួនប្រាណដោយទឹកអាល់កុល ពីមន្ត្រីចត្តាឡីសក័ប្រចាំច្រកព្រំដែនរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន។

សូមរំលឹកថា៖ មួយរយៈកន្លងមក ប្រជាពលរដ្ឋខ្មែរបានឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើ និងចូលកាប់ឈើក្នុងទឹកដីថៃ តាមរយៈមេខ្យល់អូសទាញ ពួកគាត់ប្រថុយនិងគ្រោះថ្នាក់បំផុត ខណៈសមត្ថកិច្ចតាមព្រំដែនខ្លះ ខ្វះវិធានការទប់ស្កាត់៕

ដោយ៖ សិលា


ចែករំលែក៖