ព័ត៌មានទាន់ហេតុការណ៍៖

នៅមានមនុស្ស ៦០នាក់ទៀតបាត់ខ្លួន​ ក្នុងគំនរបាក់បែកដោយការផ្ទុះនៅលីបង់​

ចែករំលែក៖

អន្តរជាតិ៖ ការផ្ទុះកាលពីថ្ងៃ​ទី​៤ខែសីហា នៅកំពង់ផែទីក្រុង Beirut ​បណ្តាលឲ្យមានអ្នកស្លាប់ជិត​១៦០នាក់ និងរបួសជាង៥ពាន់នាក់​។ ​ ក្រសួងសុខាភិបាលលីបង់បានប្រកាសនៅថ្ងៃទី​៨ខែសីហា​ថា នៅមានមនុស្ស​៦០នាក់ទៀតបាត់ខ្លួន​ មិនទាន់រកឃើញនៅឡើយ។
សារព័ត៌មាន AFP បានដកស្រង់ព័ត៌មានពី​ក្រសួងសុខាភិបាលដែលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់កើនឡើង ១៥៤នាក់ ក្នុងនោះមាន២៥នាក់មិនទាន់កំណត់អត្តសញ្ញាណ​នៅឡើយទេ​។
កន្លងមក នៅថ្ងៃទី ៧ខែសីហា ក្នុងចំណោមអ្នករងរបួសមាន១២០ នាក់ស្ថិតនៅក្នុងសភាពធ្ងន់ត្រូវសង្គ្រោះបន្ទាន់ ហើយអាចនឹងមានអ្នកស្លាប់កើនឡើង​ជាបន្តទៀត​។​ ក្រៅពីអ្នកស្លាប់និងរបួស នៅមានពលរដ្ឋជាង៣សែននាក់បាត់បង់ផ្ទះសម្បែង ​និងបំផ្លាញសេដ្ឋកិច្ចគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ ។
ជាមួយគ្នានេះដែរ​ បណ្តាប្រទេសនៅជុំវិញពិភពលោកបានសន្យា​រួមចំណែកចូលរួមជួយដល់លីបង់ ដំណើរការឡើងវិញ​ ក្រោយសោកនាដកម្ម​។ តាមគម្រោង រដ្ឋាភិបាលបារាំង និងអង្គការសហប្រជាជាតិ​ នៅថ្ងៃទី ៩ខែសីហា នឹងដឹកនាំកិច្ចប្រជុំ​តាមអនឡាញដើម្បីជួយដល់ប្រទេសលីបង់​។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនោះដែរ​៕

ដោយ៖ធី រីណា


ចែករំលែក៖