កីឡាអន្តរជាតិ៖ ការប្រកួតក្របខ័ណ្ឌកំពូល UEFA Champions League បានរកឃើញ២ក្រុមទៀតឡើងវគ្គ៨ក្រុមចុងក្រោយ គឺក្រុមខ្លាំងមកពីអាល្លឺម៉ង់ Bayern Munich និងក្រុមខ្លាំងមកពីអេស្ប៉ាញអ្នកមានបុណ្យ Barcelona ។ ការប្រកួតឈ្នះក្រុមទាំង២គឺជាការឈ្នះក្នុងវគ្គជម្រុះវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌនេះកាលពីយប់មុិញ។
ក្រុមខ្លាំង Bayern Munich បានយកឈ្នះក្រុមភ្ញៀវមកពីអង់គ្លេសតោខៀវ Chelsea ក្នុងលទ្ធផល ៤ទល់១ ដែលសរុបទាំង២ជើងលទ្ធផល៧ទល់១។ ក្នុងការប្រកួតនេះក្រុមម្ចាស់ផ្ទះ Bayern Munich បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមតោខៀវ ហើយនៅនាទីទី១០ កីឡាករក្រុមតោខៀវធ្វើឲ្យមានកំហុស បានបាល់ពិន័យ១១ម៉ែត្រស៊ុតដោយកីឡាករ Lewandowski ។ នៅនាទីទី២៤ កីឡាករ Perišić បានស៊ុតបាល់បញ្ចូលទី១គ្រាប់ទៀត ប៉ុន្តែនៅនាទីទី៤៤ជិតចប់ការប្រកួតហើយ កីឡាករ Abraham របស់ក្រុមតោខៀវ បានរក១គ្រាប់សងវិញ ធ្វើឲ្យក្រុមម្ចាស់ផ្ទះ Bayern Munich នាំមុខ២ទល់១ក្នុងតង់ទី១។
ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមសម្រុកយ៉ាងខ្លាំងដោយនៅនាទីទី៧៦ កីឡាករ C. Tolisso បានស៊ុតបាល់បញ្ចូលទី១គ្រាប់ទៀត ហើយនៅនាទីទី៨៣ ខ្សែប្រយុទ្ធឆ្នើម Lewandowski រកបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Bayern Munich ឈ្នះក្រុមភ្ញៀវ Chelsea ក្នុងលទ្ធផល ៤ទល់១ ។
ការប្រកួតនេះខ្សែប្រយុទ្ធឆ្នើម Lewandowski បានក្លាយជាកីឡាករលេចធ្លោជាងគេដោយរកគ្រាប់បាល់បាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន២គ្រាប់ ធ្វើកីឡាកររូបនេះក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត នៅក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះ។
ដោយឡែកក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះក្រុមខ្លាំងមកពីអុីតាលី Napoli ក្នុងលទ្ធផល ៣ទល់១ មានឱកាសឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយដែរ។ ៣គ្រាប់របស់ក្រុមអ្នកមានបុណ្យ Barcelona រកបានដោយកីឡាករ Lenglet នៅនាទីទី១០ គ្រាប់ទី២រកបានដោយកីឡាករឆ្នើម Messi នៅនាទីទី២៣ និងគ្រាប់ទី៣រកបានដោយកីឡាករ LSuárezនៅនាទីទី៤៥+១ដោយស៊ុតបាល់ពិន័យ១១ម៉ែត្រ។ ចំណែកក្រុមភ្ញៀវរកបាន១គ្រាប់ដោយកីឡាករ Insigne នៅនាទីទី៤៥+៥ ដោយបាល់ពិន័យ១១ម៉ែត្រដែរ។
លទ្ធផលនេះធ្វើឲ្យក្រុមអ្នកមានបុណ្យBarcelona ឡើងទៅប៉ះក្រុមខ្លាំង Bayern Munich ក្នុងវគ្គ៨ក្រុមចុងក្រោយ ដែលនឹងត្រូវប្រកួតនៅថ្ងៃទី១៥ ខែសីហាខាងមុខ ក្នុងទឹកដីBarcelona សម្រាប់ជើងទី១ ៕ដោយ៖ភារៈ