អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ ដែលបានដកស្រង់សម្តី អគ្គរាជអាជ្ញារងថៃ Nate Naksuk បានចេញដីកាកោះហៅចៅប្រុសថៅកែក្រុមហ៊ុនភេសជ្ជៈ Red Bull (គោជល់) លោក Vorayuth Yoovidhya នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២០ តែលោកគ្មានវត្តមានបង្ហាញមុខតាមការកោះហៅ ដើម្បីទៅបំភ្លឺ ពាក់ព័ន្ធនឹងការចាត់ចែងរបស់រាជអាជ្ញាក្នុងសំណុំរឿងស៊ើបករណីស្លាប់សាក្សីសំខាន់ ។
អគ្គរាជអាជ្ញារងថៃ Nate Naksuk បន្តថា លោក Vorayuth Yoovidhya ចៅប្រុសថៅកែ Red Bull ត្រូវបានកោះហៅឲ្យទៅបំភ្លឺដោយអនុគណៈកម្មាធិការមួយ ដែលស្ថិតនៅក្រោមគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ។ប៉ុន្តែលោកពុំបានបង្ហាញមុខការកោះហៅនេះឡើយ។
កាសែតថៃ បាងកកប៉ុស្តិ៍ និយាយទៀតថា កិច្ចប្រជុំនេះ មានរយៈពេលដល់ទៅ ៥ម៉ោង មានតែអ្នកនាំពាក្យនៃការិយាល័យអគ្គរាជអាជ្ញា និងរាជអាជ្ញាមួយក្រុមដែលពាក់ព័ន្ធនឹងសំណុំរឿងខាងលើ បានបង្ហាញវត្តមានតាមការកោះហៅបំភ្លឺនៅថ្ងៃទី៩ ខែសីហា។ ដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធក៏បានចូលរួមស្ដាប់ផងដែរ ក្នុងនាមជាសមាជិកម្នាក់នៃគណៈកម្មកាធិការស្វែងរកការពិតនេះ។
លោក Borwornsak Uwanno ដែលជាអ្នកដឹកនាំអនុគណៈកម្មាធិការស៊ើបសួរខាងលើ បាននិយាយថា ក្រុមការងារលោក នឹងធ្វើយ៉ាងណាដើម្បីធានាថា លោក Nate បង្ហាញខ្លួនបកស្រាយសំណុំរឿងនេះ។ ត្រង់ចំណុចនេះលោក Uwanno និយាយដូច្នេះថា៖«លោក [អគ្គរាជអាជ្ញារង Nate Naksuk] នឹងត្រូវមានវត្តមានចំពោះមុខអនុគណៈកម្មាធិការ នៅទីបំផុត»។
សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ គណៈកម្មាធិការចំនួន៣ហើយ ត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតមូលហេតុនៃការទម្លាក់ចោលបទចោទប្រឆាំង លោក Vorayuth ក្រោយការសម្រេចចិត្តនេះ រងការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជនថៃ។ ក្នុងនោះគណៈកម្មាធិការមួយ ត្រូវបានបង្កើតឡើងដោយនាយករដ្ឋមន្ត្រី និង២ទៀត ត្រូវបានបង្កើតដោយការិយាល័យអគ្គរាជអាជ្ញាថៃ និងការិយាល័យប៉ូលិសជាតិថៃ។
គួររំលឹកផងដែរថា លោក Vorayuth ដែលជាចៅប្រុសមហាសេដ្ឋី Chaleo Yoovidhya ដែលបានបង្កើតប្រេន ( Brand) ភេសជ្ជប៉ូវកម្លាំងRed Bull ត្រូវបានចោទប្រកាន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្ត Ferrari ពណ៌ខ្មៅបុកប៉ូលីសម្នាក់រហូតដល់ស្លាប់កាលពីឆ្នាំ២០១២ ហើយអូសសពជាច្រើនម៉ែត្រ មុនពេលបើករត់គេចពីកន្លែងកើតហេតុ។
យ៉ាងណា កាលពីថ្ងៃទី២៤ ខែកក្កដា បទចោទប្រឆាំងលោក Vorayuth ចំនួន៣ រួមមាន៖ បើកបរលើសល្បឿនកំណត់ បុកហើយរត់ និងបើកបរខ្វះធ្វេសប្រហែសរហូតដល់មានករណីស្លាប់ ត្រូវបានរាជអាជ្ញាថៃទម្លាក់ចោល៕ដោយ៖ស តារា