ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនដល់ផ្លូវបំបែកជាបួនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទ្វារចំហៀង តែសំណាងដែរដែលមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩យប់ ថ្ងៃអង្គារទី១១ ខែសីហា ២០២០ តាមបណ្តោយផ្លូវលេខ១៤៣ កែងនឹងផ្លូវ លេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់បើករថយន្តម៉ាក Lexus CT200hពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-6886 តាមបណ្តោយផ្លូវលេខ១៤៣ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក Bentley ពណ៌ខ្មៅពាក់ស្លាក ភ្នំពេញ 2-BG 6318 ធ្វើដំណើរតាមផ្លូវ លេខ៣៦០ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករថយន្តម្ខាងទៀតពេញទំហឹង បណ្តាលឲ្យរងការខូចខាតខ្ទេចទ្វារចំហៀងខាងឆ្វេង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ចុងក្រោយម្ចាស់រថយន្ត ម៉ាកBentley យល់ព្រមសងសំណង ៨០០$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ជ្រោយពេជ្រ