ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ប្រកាសរកឃើញ ករណីឆ្លងកូវីដ-១៩ថ្មីចំនួន​ ០២នាក់​ ទៅលើបុរសជនជាតិចិន និងស្ត្រីជនជាតិអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ យោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល មិនមានករណ៏ជាសះស្បើយ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០២នាក់។
ករណីវិជ្ជមានវីរុសភូរីដ-១៩ថ្មី៖ ចំនួន០២នាក់ ជនជាតិចិន០១នាក់ និងជនជាតិអាមេរិកកាំង០១នាក់ ។
-បុរសជនជាតិចិនអាយុ ២២ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ជាអ្នកដែលបានធ្វើដំណើរ មកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តលើកទីពីរដោយទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពបានអង្រែ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិអាមេរិកកាំងអាយុ ២៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ ដែលការធ្វើតេស្តពេលមកដល់របស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ត្រូវបាន ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត។
សូមកត់សម្គាល់ថា ជើងហោះហើរនេះ មានអ្នកដំណើរសរុប ២៥នាក់ (ស្រី ០៧នាក់ បុរស ០៩នាក់ និងកុមារ ០៩នាក់) ក្នុងនោះមានជនជាតិ ខ្មែរ ១៤នាក់ ជនជាតិអាមេរិកកាំង ០៥នាក់ ជនជាតិកូរ៉េខាងត្បូង ០១នាក់ ជនជាតិវៀតណាម ០១នាក់ ជនជាតិថៃ ០១នាក់ ជនជាតិតួកគឺ ០១នាក់ និងជនជាតិអង់គ្លេស ០២នាក់។ ចំណែកឯអ្នកដំណើរដែល មានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២១នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ និងមន្ត្រីស្ថានទូតអាមេរិកចំនួន ០៣នាក់ ស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលគ្រប់គ្រងដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖