ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលក្រោយពីលេចចេញដំណឹងដ៏រសើបមួយក្នុងចង្កោមអ្នកសិល្បៈដែលបានលើកឡើងថា តារាចម្រៀងដុះស្នឹមរបស់ផលិតកម្មហង្សមាស លោកព្រាប សុវត្ថិ នឹងស្ពាយបង្វិចចាកចេញពីផលិតកម្មនេះទៅកាន់ផលិតកម្មGalaxy Navatra ក្នុតតម្លៃខ្លួនកិច្ចសន្យាប្រមាណ៣០ម៉ឺនដុល្លារអាមេរិក។
ចូលច្រៀងក្នុងផលិតកម្មហង្សមាសអស់រយៈពេលជាង២០ឆ្នាំ ព្រាប សុវត្ថិបានសាងឈ្មោះល្បីល្បាញរហូតក្លាយខ្លួនជាតារាចម្រៀងលំដាប់ជួរមុខម្នាក់ ហើយក៏មានឱកាសយិតយោងកូនប្រុស៣នាក់ឲ្យចូលប្រឡូកក្នុងអាជីពចម្រៀងផងដែរ។
ច្រៀងដោយមិនមានកិច្ចសន្យាជាមួយផលិតកម្មនាំមុខនេះ ស្រាប់តែថ្មីៗនេះលេចចេញដំណឹងក្តៅគគុកមួយលើកឡើងថា តារាចម្រៀងរូបនេះនឹងចាកចេញពីផលិតកម្មហង្សមាសនៅពេលដ៏ខ្លីខាងមុខ ដើម្បីចូលច្រៀងក្នុងផលិតកម្មGalaxy Navatra ក្នុងតម្លៃខ្លួន៣០ម៉ឺនដុល្លារអាមេរិក និងផលលាភបានពីការងារមួយចំនួនបន្ថែមទៀត។ មានការលើកឡើងដែរថា ការចូលច្រៀងក្នុងផលិតកម្មនេះក្រោយពីតារាចម្រៀងរូបនេះបានបង្ហាញមុខក្នុងការផ្សព្វផ្សាយ និងជាភាគហ៊ុនក្នុងការលក់អចលនទ្រព្យមួយចំនួននៅជាយក្រុងជាមួយថៅកែផលិតកម្មដែលគេស្គាល់ថាជាលោកឧកញ៉ា ឡេង ណាវ៉ាត្រា។ ប្រភពបន្តថាដំណឹងនេះក៏លេចឡើងក្រោយពីការបង្ហាញភាពជិតដិតរបស់លោកព្រាប សុវត្ថិ និងឧកញ៉ាវ័យក្មេងរូបនេះដែលធ្លាប់បានធ្វើការសម្របសម្រួលនិងនាំលោកព្រាប សុវត្ថិ និងកូនៗចេញទៅច្រៀងនៅប្រទេសកូរ៉េ។ ប្រភពបន្តដែរថា សូម្បីតារាចម្រៀងមាស សុខសោភា ក៏ស្ថិតក្នុងជម្រើសឲ្យចូលច្រៀងក្នុងផលិតកម្មលោកឧកញ៉ាផងដែរ បន្ទាប់ពីផលិតកម្មនេះចាប់ផ្តើមបំបុកទីផ្សារសម្រាប់តារាចម្រៀងមានស្រាប់ និងក្រោយពីតារាចម្រៀងលំដាប់ជួរមុខ ខេម លេចមុខក្នុងផលិតកម្មនេះ។
នៅមិនទាន់អាចទំនាក់ទំនងស្វែងរកការបញ្ជាក់ពីលោកព្រាប សុវត្ថិបាននៅឡើយ ខណៈអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម Galaxy Navatra បញ្ជាក់ដោយខ្លីប្រាប់អ្នកសារព័ត៌មានដោយខ្លីថា “ជាព័ត៌មានមិនពិតក៏ដូចជាពិត”។
ប្រសិនបើដំណឹងលេចធ្លាយនេះគឺជាការពិត ផលិតកម្មGalaxy Navatra ដែលទើបនឹងចាប់ផ្តើមសាងសង់ស្នាក់ការផលិតកម្មក្រោមទុនខ្ទង់លានដុល្លារនេះនឹងកាន់តែអាចក្តាប់បានទីផ្សារកាន់តែខ្លាំងបន្ទាប់ពីបទចម្រៀងថ្មីរបស់តារាចម្រៀងក្នុងផលិតកម្មនេះបាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ពិសេសក្រុមយុវវ័យ៕ ដោយ៖ វឌ្ឍនា