ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឱ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៤៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកបរលើសល្បឿន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រើប្រាស់ទូរស័ព្ទពេលបើកបរ ស្រវឹង បត់គ្រោះថ្នាក់ ងងុយ ប្រជែងគ្រោះថ្នាក់ កត្តាយាន។
ដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូន ត្រូវប្រកាន់យក៖
ទី១- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ទោះជិត ឬឆ្ងាយគ្រប់ពេលវេលា។
២-មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត។
៣- មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាខាត។
៤-ត្រូវគោរពសិទ្ធអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៥- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។
៦- មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៧- ត្រួតពិនិត្យលក្ខណៈបច្ចេកទសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យ កង ចង្កូត ហ្វាំង ភ្លើងបំភ្លឺ-ល-។
៨- សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃក្នុងឱកាសនេះ។
៩- មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក
១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យនិង។
១១-សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ ដើម្បីជៀសវាងការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតរបស់ខ្លួនឯងផ្ទាល់ ដើម្បីសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្អូន ដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិយើង ៕
ដោយ៖ សុខ ខេមរា