ខេត្តឧត្ដរមានជ័យ៖ ជនជាតិខ្មែរចំនួន២នាក់ កាលពីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ ត្រូវបាន អាជ្ញាធរថៃធ្វើការបញ្ជូនមកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារនៅប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងក្នុងទឹកដីថៃ។
តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បានអោយដឹងថា បុរសខ្មែរ២នាក់នេះ ម្នាក់ជាពលករខុសច្បាប់ និងម្នាក់ទៀតឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង។
បុរសខ្មែរទាំង២នាក់ មានឈ្មោះ ណាន់ សាយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដុំក្រឡ ឃុំដុំក្រឡ ស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង(ពលករ)និងម្នាក់ទៀតឈ្មោះ ពេជ្រ យ៉េត ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិអូក្រញូង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ហើយត្រូវបានថៃចាប់ខ្លួនថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ពីបទឆ្លងដែនកាប់ឈើគ្រញូង ដោយចូលតាមច្រកចាក់ច្រែង ហើយជាប់ពន្ធនាគារនៅស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ៕ដោយ៖សហការី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច