ខេត្តបន្ទាយមាជ័យ ៖កាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ អាជ្ញាធរក្រុងសិរីសោភ័ណនិងខេត្តបន្ទាយមានជ័យបានសម្រុកកាប់ឆ្ការសម្អាតព្រៃ ស្មៅ ចាក់ដីនិងលាបថ្នាំការពារច្រែះលើស្ពានដែកទឹកថ្លានៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ដើម្បីរក្សាទុកឲ្យមានគុណភាពល្អ។
អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាុយមានជ័យលោក ប្រាក់ សារ៉ាក់ ប្រាប់ថា សកម្មភាពកាប់ឆ្ការព្រៃបន្លាស្មៅស្មៅ រៀបចំចាក់ដីពង្រីកពង្រាបនៅម្តុំស្ពាននិងការលាបថ្នាំច្រែះការពារស្ពានទឹកថ្លាពេលនេះ ធ្វើឡើងតាមអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹម យ៉ាន និងលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
សមាសភាពមន្ត្រីអាជ្ញាធរដែនដី កងកម្លាំង និងមហាជនចូលរួមនោះមានតាំងពីលោក ហ៊ឹល រ៉ាយ៉ា អភិបាល លោកជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ,មានលោកផ្ទាល់(ប្រាក់ សារ៉ាក់ ) និងក្រុមជំនាញ ក៏ដូចផ្នែកឯកជនខាងបច្ចេកទេស មានលោកអ៊ឹង ប៊ុនហួរ ម្ចាស់គ្រឿងចក្រ លោកឧត្តមសេនីយ៍ត្រីជឹម ប៊ុនអាន មេបញ្ជាការ លោកវរសេនីយ៍រឹត រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជួយ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ លោកលោកស្នងការរងនិងកងកម្លាំងនគរបាលជាច្រើននាក់ ។
ជាមួយគ្នានេះក៏មានការចូលរួមពីលោកជីវ ណារឹទ្ធ សមាជិកគណៈគ្រប់គ្រងនិងសាស្ត្រាចារ្យ និស្សិតនៃសាកលវិទ្យាល័យមានជ័យ ,កងឯកភាពសកម្មភពមីនសីុម៉ាក់ ផងដែរ ។
លោកប្រាក់ សារ៉ាក់ បានបន្តថា ៖ បំណងនៃសកម្មភាពនេះគឺដើម្បីលើកម្ពស់ ជំរុញការងារអភិរក្សស្ពានដែកកេរសម័យអាណានិគមនិយមបារាំងនិងអភិវឌ្ឍន៍សួនអនុស្សាវរីយ៍ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៨ កន្លងមក តាមគំនិតផ្តួចផ្តើមរបស់លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងមួយផ្នែកទៀត ក៏ដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតិីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានផ្តល់ចំណារឯកភាពតាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ដែលសុំរក្សាទុកស្ពានដែកអាយុ៨៤ឆ្នាំនេះទុកជាប្រវត្តិសាស្ត្រជាអនុស្សាវរីយ៍ និងមួយផ្នែកទៀត ដើម្បីរំលឹកគុណតម្លៃនៃសន្តិភាព ក្រោយការបញ្ចប់សង្គ្រាមផង។
សូមរំលឹកថា យោងការស្រាវជ្រាវប្រវត្តិកាលពីថ្ងៃទី៦ខែសីហា ឆ្នាំ២០១៨ ថា:ស្ពានទឹកថ្លានេះ ជាស្ពានដែកថែបទាំងបន្ទះតាប់ជាអក្សរ (UVHL) ជាកេរពីសម័យអាណានិគមនិយមបារាំង នៅសល់រូបរាងដើមតែមួយគត់លើបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្បាលស្ទឹងសិរីសោភ័ណនាភូមិ-សង្កាត់ទឹកថ្លា ខាងលិចក្រុងសិរីសោភ័ណ ៦គម។ស្ពាននេះមានប្រវែង៨១ម៉ែត្រ ទទឹង៥ម៉ែត្រ មានសសរស្ពាន(បេតុង៣ជួរ ) ហើយត្រូវបានកសាងនៅឆ្នាំ១៩៣១ តំណាលគ្នានឹងកសាងផ្លូវជាតិលេខ៥ (ភ្នំពេញ-ប៉ោយប៉ែត ប្រវែង៤០៨ គម) ដែរ។តែស្ពានក៏ទ្រុឌទ្រោមខ្លាំងដោយសារចំណាស់ ,ការបុកប៉ះដោយរថយន្ត រថក្រោះ និងត្រូវគ្រាប់ គ្រាប់មីន ក្នុងសម័យសង្រ្គាមហើយមិនអនុញ្ញាតយានយន្តឆ្លងកាត់ឡើយ គឺទុកសម្រាប់តែថ្មើរជើងប៉ុណ្ណោះ ។ខណៈសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាកលវិទ្យាល័យមានជ័យ ដែលស្ថិតនៅជិតស្ពាននោះកាលពីថ្ងៃទី៤មេសាឆ្នាំ២០០៨ សម្តេចបានថ្លែងពីការឯកភាពតាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីរក្សាស្ពាននេះ ពោលគឺឲ្យធ្វើផ្លូវនិងស្ពានថ្មថ្មីបញ្ជៀសពីស្ពាននេះ ដែលនៅប្របជាប់នឹងវាផងដែរ ៕
ដោយ៖សហការី