ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២០ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ការប្រើប្រាស់ផលិតផលថ្នាំជក់រួមគ្នា ដូចជាការបិទតាមបំពង់ខ្សៀដែលមានទឹកមាត់ អាចចម្លងមេរោគវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។
ការថ្លែងរបស់អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីបរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍នៅទូទាំងប្រទេសកម្ពុជានៅសាលប្រជុំសាលាខេត្តស្វាយរៀង។
លោកបានថ្លែងបន្តថា គោលបំណងនៃកិច្ចប្រជុំ គឺស្នើសុំការគាំទ្រជំរុញអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់នេះ ក្នុងការលើកទឹកចិត្តប្រតិបត្តិករទេសចរណ៍ផ្នែកឯកជនវិស័យទេសចរណ៍ ឲ្យចូលរួមផ្សព្វផ្សាយបរិស្ថានគ្មានផ្សែងបារីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទៅក្នុងការលើកកម្ពស់សុវត្ថិភាពសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់។
លោកក៏បានអប់រំណែនាំពីផលប៉ះពាល់នៃការជក់បារីដែលងាយរងគ្រោះក្នុងការទទួលជំងឺឆ្លងកូវីដ-១៩ និងបានវាយតម្លៃដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និងជាពិសេសគ្រោងជំរុញទីក្រុងស្វាយរៀង និងក្រុងបាវិតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីក្នុងដំណាច់ឆ្នាំ២០២១ ខាងមុខនេះ។
ស្ថិតក្នុងបរិបទនៃការរីករាលដាលចម្លងជំងឺកូវីដ-១៩ កម្ពុជាក៏ដូចជាតំបន់ និងពិភពលោកទាំងមូលបានរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលក្នុងនោះវិស័យទេសចរណ៍ក៏រងផលប៉ះពាល់ខ្លាំងជាងគេ។
ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ បច្ចុប្បន្នក្រសួងទេសចរណ៍បានខិតខំប្រឹងប្រែងរៀបចំនូវប្រកាសស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មទាំង ៦ រួមមាន៖ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការស្នាក់នៅ (សណ្ឋាគារ ផ្ទះសំណាក់) វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋាន វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការដឹកជញ្ជូនផ្លូវគោក វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការដឹកជញ្ជូនផ្លូវទឹក វិធានសុវត្ថិភាពទេសចរណ៍សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍មូលដ្ឋាន។
លើសពីនេះទៀត កម្ពុជាត្រូវប្រកាន់យកការរស់នៅតាមទម្លាប់ថ្មី ដែលប្រជាពលរដ្ឋត្រូវចេះលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ អាល់កុល ឬជែលលាងដៃ ពាក់ម៉ាស់ឬក្រមា ឈរ ឬអង្គុយឃ្លាតគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងគម្លាតសុវត្ថិភាពសង្គម ហើយជាពិសេសទៀតត្រូវចូលរួមកត់ឈ្មោះ ដើម្បីជាការងាយស្រួលក្នុងការតាមដានករណីដែលមានបញ្ហាកើតឡើង។
បន្ទាប់មក ក្រុមការងារបានស្នើសុំការអនុញ្ញាតពីគណៈអភិបាលខេត្តស្វាយរៀង ដើម្បីចុះពិនិត្យទីតាំងជាក់ស្ដែងនៅតាមសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ ភោជនីយដ្ឋាន បៀរហ្គាដិន អាហារដ្ឋាន និងចែកស្ទិកគ័រដល់រដ្ឋបាលក្រុងស្វាយរៀង និងក្រុងបាវិត តាមការចង្អលបង្ហាញពីមន្ទីរទេសចរណ៍ខេត្តផងដែរ។
តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានឲ្យដឹងថា តំបន់ទេសចរណ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្លិបកម្សាន្ត ម៉ាស្សា សរុបទាងអស់នៅក្នុងទូទាំងខេត្តស្វាយរៀងមានចំនួន ៣១៥កន្លែង៕ យឹម សុថាន