ប្រធានាធិបតីហ្វុីលីពីន លោកRodrigo Duterte បានប្រកាសថា លោកបានច្រានចោលសំណើរបស់រដ្ឋមន្ត្រីការបរទេសស្តីពីការផ្អាកសកម្មភាពរកស៊ីជាមួយក្រុមហ៊ុនចិនពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។
សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី១ខែកញ្ញា បានផ្សាយថា ប្រធានាធិបតីហ្វុីលីពីន លោក Duterte បានច្រាលចោលសំណើរបស់រដ្ឋមន្ត្រីការបរទេសស្តីពីការផ្អាករកស៊ីជាមួយក្រុមហ៊ុនចិន ដែលបានចូលរួមសាងសង់កោះសិប្បនិមិត្តនៅដែនសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃទី២៦ខែសីហារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនចំនួន២៤ក្រុមហ៊ុន ដែលបានចូលរួមសាងសង់កោះសិប្បនិមិត្តនៅសមុទ្រចិនខាងត្បូង។ តាមការដាក់ទណ្ឌកម្មរបស់អាមេរិក ក្រុមហ៊ុនចិនត្រូវបានហាមប្រាមទិញសម្ភារពីអាមេរិក ក៏ដូចជាធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិកផងដែរ។
កន្លងមករដ្ឋមន្ត្រីការបរទេសហ្វុីលីពីន លោក Teodoro Locsin បាននិយាយទៅកាន់សារព័ត៌មាន CNN Philippines ថា លោកបានស្នើដល់រដ្ឋាភិបាលទីក្រុងម៉ានីលបញ្ចប់ការរកសុីជាមួយក្រុមហ៊ុនចិនដែលរងការដាក់ទណ្ឌកម្មពីអាមេរិក។
ប៉ុន្តែសំណើរបស់រដ្ឋមន្ត្រីការបរទេស ត្រូវបរាជ័យ ដោយកាលពីថ្ងៃទី១ ខែកញ្ញា អ្នកនាំពាក្យប្រធានាធិបតី ហ្វុីលីពីនលោក Harry Roque បានឲ្យដឹងថា ប្រធានាធិបតីហ្វុីលីពីននឹងមិនធ្វើតាមអាមេរិកចូលរួមដាក់ទណ្ឌកម្មចិននោះឡើយ៕
ដោយ៖ធី រីណា