ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់​ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី ០៩ ដល់ថ្ងៃទី​ ១២ ខែកញ្ញា

ចែករំលែក៖

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ប្រាក់​ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី ០៩ ដល់ថ្ងៃទី​ ១២ ខែកញ្ញា ឆ្នាំ២០២០ ដូចខាងក្រោម៖
​-​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣
​-​កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
​-​កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៧
​-​កិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីការអភិវឌ្ឍក្នុងអនុតំបន់
​-​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២១
​-​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី១០
​-​ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស
​-​កិច្ចសន្ទនារដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីសម្រាប់សន្តិភាព និង សន្តិសុខប្រកបដោយចីរភាព ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣
​-​កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧​ និង
​-​សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​ ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន។
​​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិនិត្យមើលឡើងវិញផែនការលំអិតរបស់អាស៊ាននិងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោតការយកចិត្តទុកដាក់ទៅលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាននិងអនុសាសន៍នានា សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀតនូវឯកភាពនិងសាមគ្គីភាព ភាពរឹងមាំ សមាហរណកម្មនិងការតភ្ជាប់ក្នុងរង្វង់អាស៊ាន ព្រមទាំងការធ្វើទំនាក់ទំនង ជាមួយសហគមន៍ពិភពលោក។
កិច្ចប្រជុំក៏នឹងពិភាក្សាផងដែរអំពីផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន៕

ដោយ៖ សិលា


ចែករំលែក៖