អន្តរជាតិ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះថា៖អាជ្ញាធររដ្ឋ Victoria នៃប្រទេសអូស្រ្តាលីនៅថ្ងៃអាទិត្យនេះ បានប្រកាសថា បើទោះបីជាអត្រាអ្នកឆ្លងCOVID-19 ប្រចាំថ្ងៃមានការថយចុះក៏ដោយ ប៉ុន្តែវិធានការរឹតត្បិតសំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងមួយនេះ នៅរដ្ឋ Victoria នឹងត្រូវបន្ធូរបន្ថយដោយសន្សឹមៗ ។
អាជ្ញាធររដ្ឋ Victoria ក៏បានបន្តថា មានករណីឆ្លង COVID-19 ថ្មីៗ៤១ករណីទៀត និងករណីស្លាប់ថ្មី៧ករណី។ ជាមួយនឹងការប្រកាសពីកញ្ចប់ហិរញ្ញវត្ថុទំហំ២.២ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់អាជីវកម្មនានាក្នុងរដ្ឋ Victoria ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុតលំដាប់ទី២ របស់ប្រទេសអូស្រ្តាលី ផងដែរ ។
សូមជម្រាបថា អត្រាករណីឆ្លងខាងលើ ស្តែងឲ្យឃើញពីការបន្តថយចុះនៃចំនួនករណីឆ្លងថ្មីៗ នៅក្នុងរដ្ឋ Victoria បើធៀបនឹងដើមខែសីហាដែលជាពេលចាប់ផ្តើមនៃការឆ្លងរាលដាលរលកទីពីរនោះ គឺមានការរកឃើញអ្នកឆ្លងដល់ទៅជាង ៧០០ករណីក្នុងមួយថ្ងៃ។ អាជ្ញាធររដ្ឋVictoria បាន បញ្ជាក់ថាទោះអត្រាអ្នកឆ្លងបន្តថយចុះក៏ដោយ ការដកវិធានការរឹតត្បិតទាំងស្រុងវិញតែម្តង មិនអាចប្រព្រឹត្តទៅបានឡើយ គឺមានតែធ្វើឡើងដោយសន្សឹមៗបែបនេះ។
ជាក់ស្តែង នៅក្នុងចំណោមករណីឆ្លងសរុបជាង ២៦,៦០០នាក់ទូទាំងប្រទេសអូស្រ្តាលី ប្រមាណ៧៥ភាគរយគឺនៅរដ្ឋ Victoria ផ្ទាល់។ ទីក្រុងមែលប៊នរបស់រដ្ឋ Victoria បានស្ថិតក្រោមវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ នៅដើមសប្តាហ៍ក្រោយនេះ នឹងមានការបន្ធូរបន្ថយបន្តិចបន្តួច ដោយប្រជាជនអាចស្ថិតនៅក្រៅផ្ទះបានយូរជាងមុន ហើយបម្រាមគោចរពេលយប់នឹងត្រូវបន្ថយម៉ោងខ្លះ៕
ដោយ៖សតារា