ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងកាត់បន្ថយការរឹតត្បិត គម្លាតសង្គមនៅទីក្រុងសេអ៊ូល

ចែករំលែក៖

កូរ៉េខាងត្បូង៖ នៅថ្ងៃទី​១៣ខែកញ្ញា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចកាត់បន្ថយការរឹតត្បិតប្រឆាំងកូវីដ​-១៩ នៅទីក្រុងសេអ៊ូលនិងតំបន់ជាច្រើនទៀត ដោយសារតែការទប់ស្កាត់ កន្លងមកទទួលបានលទ្ធផលវិជ្ជមាន ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក​Chung Sye-kyun បានឲ្យដឹងថា ការសម្រេចកាត់បន្ថយការរឹតត្បិតគឺដោយសារតែកូរ៉េខាងត្បូងមិនមានករណីឆ្លងថ្មីច្រើនគួរឲ្យបារម្ភ​។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត​ នាយករដ្ឋមន្ត្រី​Chung Sye-kyun បានឲ្យដឹងថា « ក្រោយការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញ រដ្ឋាភិបាលបានសម្រេច កាត់បន្ថយការរឹតត្បិតឲ្យពលរដ្ឋមានសេរីភាពឡើងវិញ ។ បច្ចុប្បន្នការរឹតត្បិតស្ថិតនៅកម្រិតទីពីរតែប៉ុណ្ណោះ»។
លោក​Chung Sye-kyun បានបន្តទៀតថា រយៈពេលកន្លងមក ពលរដ្ឋពិតជាហត់នឿយ និងធុញថប់យ៉ាងខ្លាំង ដោយសារតែច្បាប់គម្លាតសង្គម រឹតត្បិតការធ្វើដំណើរ​ ដើម្បីទប់ស្កាត់ការរាលដាល​កូវីដ​-១៩ ។
ចាប់ពីថ្ងៃទី ១៤ខែកញ្ញា នៅទីក្រុងសេអ៊ូល នឹងត្រូវបន្ថយការរឹតត្បិតពីកម្រិតទី​៣ មកនៅត្រឹមកម្រិតទីពីរតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការជួបជុំគ្នានៅទីសាធារណៈ ជប់លៀង លើសពី​១០០នាក់ឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖