ខេត្តស្វាយរៀង៖ ក្រុមការងារគម្រោងS-RETថ្នាក់ជាតិនិងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យសកម្មភាពប្រើប្រាស់ម៉ូទ័របូមទឹកប្រើដោយថាមពលពន្លឺព្រះអាទិត្យនិងពិនិត្យសកម្មភាពប្រើប្រាស់ម៉ាស៊ីនកិនចំណីសត្វ របស់ប្រជាកសិករក្នុងស្រុករំដួល ខេត្តស្ចាយរៀងនៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២០។
បើតាមមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានឱ្យដឹងថា ក្រុមការងារមន្ទីរនិងក្រុមការងារគម្រោងS-RETថ្នាក់ជាតិបានចុះមកស្រុករំដួលដើម្បីពិនិត្យសកម្មភាពប្រើប្រាស់ម៉ូទ័របូមទឹកប្រើដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់ស្រោចស្រពដំណាំរបស់កសិករឈ្មោះគង់ សាវ៉ន នៅភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល។
ប្រភពបន្តថា ក្រោយមកក្រុមការងារបាន ចុះពិនិត្យសកម្មភាពប្រើប្រាស់ម៉ាស៊ីនកិនចំណីសត្វ និងហាន់បន្លែ សម្រាប់ផលិតចំណីមាន់ ទា ត្រី និងកង្កែបរបស់កសិករ អ៊ុក សាខុន នៅភូមិហែកសំណាញ់ ឃុំម៉ឺនជ័យ ស្រុករំដួល និងចុះពិនិត្យសកម្មភាពដំឡើងឡជីវឧស្ម័នទំហំ៤ម៉ែត្រគូបឱ្យកសិករឈ្មោះ គឹម សំណាង នៅភូមិអំពិល ឃុំម៉ឺនជ័យ ស្រុករំដួល ដែលបានចាប់យកមុខរបរចិញ្ចឹមគោ និងកង្កែបក្នុងតង់ប្លាស្ទិក បន្ទាប់ពីចំណាកស្រុកមកពីប្រទេសថៃវិញ។
ប្រភពបន្តថា សព្វថ្ងៃគាត់ចិញ្ចឹមគោចំនួន ១០ក្បាល កង្កែបចំនួន១០តង់ ក្នុងនោះមានកូនកង្កែបចំនួន ១០.០០០ក្បាល កង្កែបសាច់ចំនួន ១.០០០ក្បាល មេពូជចំនួន ៦០គូ ដែលមានលទ្ធភាពផលិតកូន១វគ្គបាន១ម៉ឺនកូន ក្នុងអំឡុងខែសីហា គាត់លក់កង្កែបបានចំនួន ៥០០០ក្បាល(១ក្បាលតម្លៃ៥០០៛) និងមានកង្កែបសម្រាប់លក់បន្តចំនួន១ ០០០ក្បាលផងដែរ៕
ដោយ៖ យឹម សុថាន