ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឱ វណ្ណឌីន ៖ សុខភាពព្រះសង្ឃដែលសង្ស័យមានជំងឺគ្រុនផ្តាសាយធំ នៅខេត្តបន្ទាយមានជ័យ បានធូរស្រាលបណ្តើរៗហើយ កំពុងរង់ចាំលទ្ធផលតេស្តរកគ្រុនឈីក និងកូវីដ-១៩ផងដែរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងអំពីការវិវត្តជំងឺរបស់ព្រះសង្ឃចំនួន២៦អង្គ ដែលសង្ស័យកើតជំងឺគ្រុនផ្តាសាយធំ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់តាមប្រព័ន្ធ Telegram ឲ្យដឹងថា ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល ទទួលបានរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ អំពីករណីសង្ស័យជំងឺគ្រុនផ្តាសាយធំ បានកើតឡើងក្នុងចំណោមក្រុមព្រះសង្ឃចំនួន២៦អង្គ ដែលគង់នៅវត្តបឹងត្រស់ ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានបញ្ហាព្រះសុខភាពដូចជា ឡើងកំដៅព្រះកាយ ឈឺព្រះកេស និងវិលមុខ ជាដើម ហើយព្រះសង្ឃដែលគង់នៅក្នុងវត្តនេះ សរុបមានប្រមាណជា៤៨អង្គ។

លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ព្រះសុខភាពព្រះសង្ឃទាំង២៦អង្គ ដែលកំពុងទទួលការព្យាបាល មិនមានសញ្ញាធ្ងន់ធ្ងរទេ និងមានសភាពធូរស្រាលជាបណ្តើរៗហើយ។ សម្រាប់លទ្ធផលវិភាគរកគ្រុនឈាមបានបញ្ជាក់ថា មិនមានជំងឺគ្រុនឈាមទេ តែកំពុងរង់ចាំលទ្ធផលវិភាគរកជំងឺគ្រុនឈីកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងរកវីរុសកូវីដ-១៩ ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅរាជធានីភ្នំពេញ។
លោកស្រីថ្លែងបន្យថា៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានចុះអង្កេតស្រាវជ្រាវ ពិនិត្យ និងតាមដានភ្លាមៗ ហើយតាមការសាកសួរព័ត៌មានជាបឋម ពីព្រះចៅអធិការវត្ត ដោយមានសង្ឃដីការថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានព្រះសង្ឃ២ទៅ៣អង្គ មានបញ្ហាព្រះសុខភាពដូចជា ឡើងកំដៅព្រះកាយ ឈឺព្រះកេស វិលមុខ ហើយក៏បានបញ្ជូនទៅពិនិត្យ និងព្យាបាលនៅពេទ្យឯកជនមួយកន្លែង នៅភូមិអូរញ័រ ក្នុងទឹកដីខេត្តបាត់ដំបង (ជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ)។ បន្ទាប់មក មានព្រះសង្ឃអាពាធជាបន្តបន្ទាប់ ក៏បានណែនាំព្រះសង្ឃចំនួន១៣អង្គ ឲ្យនិមន្តទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកថ្មគោល។
តាមប្រព័ន្ធTelegram ដដែលលោកស្រីបញ្ជាក់ថា៖ តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យឃើញថា ក្រៅពីព្រះសង្ឃដែលបាននិមន្តទៅគង់សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកថ្មគោល នៅមានព្រះសង្ឃចំនួន ១៣អង្គផ្សេងទៀត ដែលមានបញ្ហាព្រះសុខភាពប្រហាក់ប្រហែលគ្នាដែរ ដែលក្រុមគ្រូពេទ្យសង្ស័យថា មានជំងឺគ្រុនផ្តាសាយធំ ហើយក៏បាននិមន្តបញ្ជូនព្រះសង្ឃ ដែលមានបញ្ហាសុខភាពទាំង១៣អង្គ មកគង់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី នៅវេលាម៉ោងប្រហែលជា២០៖៤៥នាទីយប់ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
លោកស្រីលើកឡើងថា៖ បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើកិច្ចការសំខាន់ៗ មានដូចខាងក្រោម៖
ទី១-បានសម្ភាស ពិនិត្យ ស្រាវជ្រាវរកករណីដែលសង្ស័យគ្រុនផ្តាសាយធំ គ្រុនឈីក និងជំងឺកូវីដ-១៩ និងបានបូមឈាមព្រះសង្ឃពិនិត្យមើលគ្រុនឈាម បូមឈាមព្រះសង្ឃចំនួន១៣អង្គ ដើម្បីធ្វើការវិភាគបន្ថែមរកវីរុសគ្រុនឈីក និងបានបូមឈាមចំនួន៥ករណី (ដែលមានបញ្ហាឈឺបំពង់ក) ដើម្បីធ្វើការវិភាគរកមើលវីរុសកូវីដ-១៩។
ទី២-បានធ្វើការអប់រំសុខភាព និងពន្យល់ផ្សព្វផ្សាយអំពីវិធានការការពារជំងឺគ្រុនឈីក គ្រុនឈាម ជាពិសេសវិធានការការពារការចម្លងវីរុសកូវីដ-១៩ និងវីរុសគ្រុនផ្តាសាយធំផងដែរ។
ទី៣-បានប្រគេនម៉ាស់ អាល់កុល ទឹកអាល់កុលជែល និងសាប៊ូ សម្រាប់លាងដៃ ប្រគេនដល់ព្រះចៅអធិការវត្ត ដើម្បីប្រើប្រាស់នៅក្នុងទីវត្តអារ៉ាមខាងលើនេះ និងបានណែនាំឲ្យមានការអនុវត្តកិច្ចការពារ កុំឲ្យមានការចម្លងជំងឺឆ្លងបន្តគ្នាបែបនេះ។
ទី៤-បានចែកមុងជ្រលក់ថ្នាំ ចុះបាញ់ថ្នាំសម្លាប់មូស អប់រំសុខភាពឲ្យជួយបំបាត់ជម្រកមូសជាចាំបាច់ និងដាក់អាបែត ដើម្បីសម្លាប់ដង្កូវទឹក កុំឲ្យមានការបង្កបង្កើតមូសខ្លា ដែលជាភ្នាក់ងារចម្លងគ្រុនឈាម និងគ្រុនឈីកផងដែរ។
ទី៥-បន្តចាក់សារអប់រំសុខភាព នៅក្នុងភូមិ ឃុំ និងនៅក្នុងទីវត្តអារ៉ាម ជាពិសេសត្រូវរៀបចំចាត់ចែងឲ្យមានការអនុវត្តវិធានការបង្ការការចម្លងវីរុសកូវីដ-១៩ វីរុសគ្រុនផ្តាសាយធំ ការពារជំងឺគ្រុនឈាម និងគ្រុនឈីក តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
ទី៦-បន្តធ្វើការស្រាវជ្រាវ តាមដានសុខភាពព្រះសង្ឃ ដែលគង់នៅក្នុងវត្តអារ៉ាម និងផ្តល់ការពិនិត្យព្យាបាលព្រះសង្ឃ ដែលអាពាធនៅក្នុងមន្ទីរពេទ្យ៕

ដោយ៖ សិលា


ចែករំលែក៖