អន្តរជាតិ៖ នាយឧត្ដមសេនីយ៍ឯក លោក Hossein Salami អគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានអះអាងជាថ្មីម្ដងទៀតថា៖ អ៉ីរ៉ង់នឹងសងសឹកសហរដ្ឋអាមេរិក រួមទាំងអ្នកពាក់ព័ន្ធទាំងដោយផ្ទាល់ ឬប្រយោលដើម្បីសងសឹកឲ្យវិញ្ញាណក្ខន្ធអតីតមេទ័ពកំពូល លោក Qassem Soleimani ដែលត្រូវបានវាយប្រហារដោយយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិតកាលពីដើម ឆ្នាំ២០២០កន្លងទៅ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០។
ជាក់ស្តែងកាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះទីភ្នាក់ងារសារព័ត៌មាន ABC News បានដកស្រង់សម្តីលោកអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានធ្វើការសន្យាក៏ដូចជាព្រមានខាងលើ នៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមមេបញ្ជាការកងទ័ពអ៉ីរ៉ង់និងជាសារមួយផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានចុះផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មាន Tasnim នៅថ្ងៃអាទិត្យនេះផងដែរ ។
លោក Salami ថ្លែងនៅក្នុងសុន្ទកថាដដែល ក៏បានព្រមានត្រង់ៗដូច្នេះថា៖«ការសងសឹកឱ្យវិញ្ញាណក្ខន្ធមេទ័ពកំពូលដ៏ឆ្នើមរបស់យើង គឺជារឿងជាក់លាក់, ប្រាកដប្រជា និងជាការពិត។ យើងនឹងសងសឹក លើអ្នកទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធទាំងដោយផ្ទាល់ ឬដោយប្រយោលនឹងការស្លាប់របស់ បុរសដ៏អស្ចារ្យម្នាក់នេះ (លោក Qassem Soleimani)»។
សូមជម្រាបថា លោក Qassem Soleimani ដែលគេជឿជាក់ថាជាមនុស្សមានឥទ្ធិពលធំទី២ នៅអ៉ីរ៉ង់ ត្រូវបានលោកប្រធានាធិបតី ដូណាល់ត្រាំ បញ្ជាឱ្យ យន្ដហោះដ្រូនអាមេរិក សម្លាប់ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីខែមករា ឆ្នាំ២០២០កន្លងទៅ។ ក្រោយមរណភាពនេះ អ៉ីរ៉ង់បានសន្យាជាច្រើន លើកថានឹងសងសឹកសហរដ្ឋអាមេរិក ហើយសូម្បីតែមន្ត្រីចារកម្មអាមេរិកខ្លះក៏ជឿជាក់ដែរថាទីក្រុងតេហេរ៉ង់ កំពុងរៀបចំផែនការសងសឹក។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនសារព័ត៌មាន Politico ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក បានចេញផ្សាយថាក្រុមមន្ត្រីចារកម្ម អ៉ីរ៉ង់ មានផែនការសម្លាប់អគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូងគឺលោកស្រី Lana Marks ជាការសងសឹកឱ្យលោកSoleimani។ក្រោយ ការចុះផ្សាយព័ត៌មាននេះ លោក ដូណាល់ ត្រាំ បានព្រមានថាសហរដ្ឋអាមេរិក នឹងវាយប្រហារមួយគុណនឹង១,០០០ដង បើសិនជាអ៉ីរ៉ង់ហ៊ានបើកការវាយប្រហារណាមួយមកលើអាមេរិក។ ប៉ុន្តែទន្ទឹមគ្នា ក្រុមមន្រ្តីអ៉ីរ៉ង់បានទាត់ចោលការចេញផ្សាយរបស់សារព័ត៌មាន Politico៕ដោយ៖សតារា