ព័ត៌មានទាន់ហេតុការណ៍៖

លោក ជាវ តាយ ដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តកំពត លោក ជាវ តាយ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពត។
នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោកស្នងការរង លោកមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ។

ថ្លែងនៅក្នុងពិធីនោះ លោក ជាវ តាយ មានប្រសាសន៍ថា៖ កិច្ចប្រជុំផ្សព្វផ្សាយនេះ នឹងធ្វើឲ្យយើងទាំងអស់គ្នាយល់ដឹងអំពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ដោយផ្តល់អត្ថប្រយោជន៍ និងពន្លឿនការផ្តល់សេវា កាត់បន្ថយពេលវេលា ងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យតាមអនឡាញ ដែលអាចអនុញ្ញាតឲ្យរាជធានី ខេត្ត ធ្វើការកត់ត្រាសេវា គ្រប់គ្រងចំណូល តាមដានចរន្តការឯកសារ និងផ្តល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំខេត្ត ក្នុងការពិនិត្យមើលវឌ្ឍនភាពនៃការផ្តល់សេវា ជាពិសេសអ្នកស្នើសុំសេវា ក៏អាចតាមដានពិនិត្យមើលចរន្តការឯកសាររបស់ខ្លួនបានផងដែរ។

លោក បានធ្វើក្រើនរំលឹកដល់អង្គភាពច្រកចេញតែមួយ ត្រូវពង្រឹងរបៀបរបបបំពេញការងារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីធ្វើយ៉ាងណាផ្តល់សេវាឲ្យបានល្អប្រសើ ជូនប្រជាពលរដ្ឋ។ លើសពីនេះ មន្ត្រីរាជការត្រូវផ្លាស់ប្តូរអត្តចរឹតពីមន្ត្រី មកជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ ដោយផ្តោតសំខាន់ទៅលើគោលការណ៍៥ចំណុចដែលជាគ្រឹះ ក្នុងការផ្តល់សេវា គឺ សាមញ្ញ សីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ការជឿទុកចិត្ត និងតម្លាភាព៕ដោយ៖ សិលា


ចែករំលែក៖