ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងទ័ពឥណ្ឌានិងចិន ជួបពិភាក្សាគ្នាជាថ្មី ក្រោយជាប់គាំងជិត​២ខែ

ចែករំលែក៖

មេបញ្ជាការជាន់ខ្ពស់កងកម្លាំងទាហានឥណ្ឌានិងចិន​បានជួបពិភាក្សាគ្នាជាថ្មី​​ក្រោយការជាប់គាំង​ជិតពីរខែកន្លងមក​។ កិច្ចពិភាក្សាចុងក្រោយបំផុតរវាងមេទ័ពប្រទេសទាំងពីរ គឺនៅ​ថ្ងៃទី​២ ខែសីហា ដោយកិច្ចពិភាក្សានោះមានរយៈរហូតដល់ទៅ​១០ម៉ោង តែមិនទទួលបានលទ្ធផលវិជ្ជមានឡើយ។
មេបញ្ជាការកងទ័ពឥណ្ឌានិងចិនបានជួបពិភាក្សាគ្នា ក្រោយរយៈពេល​គាប់គាំងជាង​៥០ថ្ងៃ​។ជំនួបពិភាក្សាគឺដើម្បីបញ្ចប់ភាពតានតឹង​ ខណៈរដូវរងាជិតមកដល់ ធ្វើឱ្យប៉ះពាល់ដល់សកម្មភាពយាមល្បាតតាមព្រំដែន។
ជំនួបពិភាក្សាខាងលើកើតឡើង​​ក្រោយពេលឥណ្ឌាបានប្រកាសចំណាយប្រាក់​៤០០លានដុល្លារ ជីករូងក្រោមដី​នៅព្រំដែនជាប់ប្រទេសចិន ដើម្បីកាត់បន្ថយពេលវេលាបញ្ជូនទាហាន​ទៅព្រំដែន​ដោយប្រើពេលតែ​១០នាទីប៉ុណ្ណោះ។
សារព័ត៌មាន South China Morning Post​បានផ្សាយថា ជំនួបពិភាក្សាបានធ្វើឡើងនៅថ្ងៃទី​២១ខែកញ្ញា នៅតំបន់ Moldo ក្នុងខ្សែបន្ទាត់ព្រំដែននៃប្រទេសចិន។ គណៈប្រតិភូយោធាឥណ្ឌា ដឹកនាំដោយឧត្តមសេនីយ៍ Harinder Singh មេបញ្ជាការ​កងពលលេខ​១៤ឈរជើងនៅតំបន់​Leh និងមន្ត្រីក្រសួងការបរទេសឥណ្ឌាក៏បានចូលរួមផងដែរ​។
កិច្ចពិភាក្សាខាងលើធ្វើឡើងក្រោយរយៈ​១០ថ្ងៃដែលរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ បានជួបពិភាក្សាគ្នានៅទីក្រុងមូស្គូប្រទេសរុស្ស៊ី ហើយក៏បានព្រមព្រៀងគ្នា៥ចំណុចបញ្ចប់វិវាទផងដែរ៕ដោយ៖ធី រីណា


ចែករំលែក៖