ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺជូនសាធារណជន ចំពោះបញ្ហាមិន​បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅក្នុងសាលប្រារព្វពិធីទាំងចំនួនជាង១០០នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សេចក្តីបំភ្លឺជូនសាធារណជន ចំពោះបញ្ហាមិន​បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅក្នុងសាលប្រារព្វពិធីទាំងចំនួនជាង១០០នាក់ ៖
-ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនពិសេស អ្នកសារព័ត៌មាននិង​បង​ប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០​២០ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន​រៀប​ចំពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះស្ថិតក្រោមអធិបតី​ភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំ​ណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង​ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិ​បាល​ខេត្តបាត់ដំបង ។

វត្តមាននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មានភ្ញៀវកិត្តិយស និងសមាជិក សមាជិការចូលរួមយ៉ាងច្រើនកុះករ ។ ជាមួយនេះក៏មានអ្នកសារព័ត៌មានរហូតដល់ចំ​នួន១១០នាក់ដែលលោកបានអញ្ជើញមកកាន់ទី​នេះដែរ ។ ដោយសារការរៀបចំទីកន្លែងប្រារព្វពិធីសម្រាប់អ្នកចូលរួមមានចំនួន កំណត់ ហើយបញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតនាពេល​នោះ​គឺ ការរក្សាឱ្យបាន នូវគម្លាតសុវត្ថិភាពបុគ្គល ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងករណីឆ្លងជម្ងឺCovid-19 និងម៉្យាងដើម្បីរក្សាបាន នូវសណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អប្រសើរក្នុងពេលដំណើរការកម្មវិធីនេះ ទើបក្រុមការងាររៀបចំកម្មវិធី បានអនុញ្ញាតដល់អ្នក​សារព័ត៌មានលោកចូលទៅក្នុងសាលប្រារព្វពិធី​មានចំនួនសមល្មមតែប៉ុណ្ណោះ ។ ពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន​ដំណើរការជាចំហរនិងជាប្រក្រតី តាមរៀបវរៈក្រោមវត្តមានភ្ញៀវកិត្តិយស សមជិក សមាជិការ ចូលរួមដែលលោកជាសាក្សីក្នុងពិធីនេះ ដោយ​មិនមានការលាក់កំបាំងធ្វីទេ ហើយខ្លឹមសារនៃអង្គពិធីក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈក្រោយ​ពេលប្រារព្វពិធីរួចភ្លាមៗតាមរយៈប្រពន័្ធផ្សព្វផ្សាយនានានិងតាមរយៈបណ្តាញសង្គម។

ជាមួយនេះក៏សូមការអធ្យាស្រ័យចំពោះអ្នកសារ​ព័ត៌មានមួយចំនួនធំដែលមិនបានអនុញ្ញាតឱ្យចូលទៅខាងក្នុងសាលប្រារព្វពិធីតាមបំណង ។

ខ្លឹមសារដូចបានជម្រាបជូនខាងលើ សូមសា​ធារណជនទូទៅ ពិសេសអ្នកសារព័ត៌មាន និងអ្នក​និយមប្រើ ប្រាស់បណ្តាញសង្គមមេត្តាជ្រាប សូមអរគុណ៕

ដោយ៖ (ក្រុមការងារប្រតិកម្មរហ័ស)


ចែករំលែក៖