ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីនៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ចុះផ្សព្វ ផ្សាយដល់ម្ចាស់ក្រុមហ៊ុន អាជីវករ លក់សំបុត្រទូក អូរប័រ និងភ្ញៀវទេសចរដែលធ្វើដំណើរទៅកាន់បណ្តាកោះនានាក្នុងខេត្តព្រះ សីហនុ ឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាការប្រែប្រួលអាកាសធាតុ តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ ដើម្បីជៀសវាងកើតមាន ហានិភ័យដោយប្រការណាមួយ នៅផែ ៥០២ ស្ថិតនៅក្នុងសង្កាត់ លេខ៤ ក្រុង ខេត្តព្រះសីហនុ ។
ក្នុងនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានដាក់ចេញនូវបទបញ្ជារថ្មីដល់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការត្រួតពិនិត្យចំពោះភ្ញៀវ ត្រូវមានអាវពោងសុវត្ថិភាពឱ្យបានគ្រប់គ្នា និងសហ ការគ្នាក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរ ដែលជាប់គាំងនៅក្រុងកោះរ៉ុង ត្រឡប់មកកាន់ដីគោកវិញឱ្យបានត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ដើម្បីបញ្ចៀសនូវហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ស្របតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅតំបន់មាត់សមុទ្រ នឹងមានភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗចាប់ពីថ្ងៃទី ២៤- ២៧ ខែកញ្ញា ឆ្នាំ២០២០ ។
សូមជម្រាបថា៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងមករដ្ឋបាលខេត្តបានជួយសម្រួលដឹកជញ្ជូនភ្ញៀវទេសចរចំនួន ១,៣៩១នាក់ ក្នុងនោះស្រី ៥៩៥នាក់ តាមបណ្តា កោះនានា មកកាន់ដីគោកប្រកប ដោយសុវត្ថិភាព បន្ទាប់ពីពួកគាត់បានជាប់គាំងនៅលើកោះដោយ សារឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល)ដែលបណ្ដាលឱ្យមានភ្លៀង និងខ្យល់កន្ត្រាក់រលកសមុទ្រធំៗ ៕
ដោយ៖សហការី