ព័ត៌មានទាន់ហេតុការណ៍៖

សួន​កម្សាន្ត Disneyland ហុងកុង នឹង​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​អាជ្ញាធរ​ទីក្រុង​ចាប់ផ្ដើម​បន្ធូរ​វិធានការ​រឹតត្បិត

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអាជ្ញាធរទីក្រុង​​ហុងកុង ចាប់ផ្ដើមបន្ធូរវិធានការរឹតត្បិតក្រុមហ៊ុន Disneyland របស់ហុងកុងបានបញ្ជាក់នៅថ្ងៃទី២២ ខែកញ្ញាថ្មីៗនេះថា សួនកម្សាន្ត Disneyland នឹងបើកដំណើរការឡើងវិញ ប៉ុន្តែវិធានការរបស់ក្រសួងសុខាភិបាល នឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងបំផុតពេលដំណើរការសួនកម្សាន្តនេះឡើងវិញ ដោយសំដៅទប់ស្កាត់ការឆ្លងថ្មី

បើតាមការប្រកាសរបស់ Disneyland បាននិយាយថា ការបើកដំណើរការឡើងវិញនៅសួនកម្សាន្តចម្រុះក្នុងទីក្រុងហុងកុង នឹងត្រូវកំណត់ចំនួនអ្នកចូលកម្សាន្ត ហើយថ្ងៃចូលកម្សាន្ត ក៏ត្រូវបានកាត់បន្ថយដែរ ដោយភ្ញៀវទាំងអស់ ត្រូវតែពាក់ម៉ាស ហើយឧទ្យាននេះនឹងត្រូវបិទនៅថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍ ចំណែកការសម្តែងផ្ទាល់ក្នុងសាល ក៏នឹងត្រូវផ្អាកបន្តទៀត

បើតាមទីភ្នាក់ព័ត៌មាន Reuters ខណៈករណីឆ្លងធ្លាក់ចុះជាបន្តបន្ទាប់រដ្ឋាភិបាលក្រុងហុងកុងបានបន្ធូរបន្ថយការរឹតត្បិតដើម្បីបង្ការការឆ្លងជំងឺនេះកាលពីសប្តាហ៍មុនរួមទាំងការបើកសួនកម្សាន្តឡើងវិញ

គួរបញ្ជាក់ថា នេះជាការបើកដំណើរលើកពីររបស់សួនកម្សាន្តនេះគិតតាំងពីជំងឺ COVID-19 រាតត្បាតមក  ខណៈដែល ក្រុមហ៊ុនDisneyland បានបើកដំណើរការម្ដងកាលពីខែមិថុនា ពេលស្ថានភាពជំងឺនេះក្នុងទីក្រុងហុងកុង ធូរស្រាល តែក៏ត្រូវបង្ខំចិត្តបិទម្ដងទៀតនៅពាក់កណ្ដាលខែកក្កដាពេលដែលករណីឆ្លងក្នុងទីក្រុងហក់ឡើងវិញ សួនកម្សាន្តនេះ នឹងបើកជាថ្មីចាប់ពីថ្ងៃទី២៥ ខែកញ្ញាទៅ ជាមួយវិធានការដូចខាងលើ

បច្ចុប្បន្នទីក្រុងហុងកុងមានករណីឆ្លងសរុបចំនួន ៥០៣៩ ករណី និងអ្នកជាសះស្បើយមានចំនួន ៤៧០៨នាក់ចំណែកឯចំនួនអ្នកស្លាប់មាន១០៣នាក់ដោយ៖ស តារា


ចែករំលែក៖