ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានលួចម៉ូតូ ស្គូពី ស៊េរីឆ្នាំ២០២១បានសម្រេចកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោយស្ថានីយទូរស្សន៍បាយ័នស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រួចបានជិះគេចឆ្វែលរកកន្លែងគេចខ្លួនរហូតមកដល់ផ្លូវលំតាមប្រឡាយទឹកស្អុយស្ទឹងមានជ័យ ក៏ត្រូវបានកម្លាំងសន្តិសុខគោលដៅនោះហៅសួរនាំតែគេមិនព្រមឈប់។ដោយសារទ័លច្រក និងភ័យខ្លាំងពេកទើបជនសង្ស័យសម្រេចចិត្តជិះម៉ូតូចូលក្នុងប្រឡាយទឹកស្អុយ ទុកម៉ូតូត្រាំចោលរួចហើយគេចខ្លួនបាត់ទៅ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡេីយសន្តិសុខប្រទះឃើញជនសង្ស័យខាងលើជិះម៉ូតូចូលដល់ក្នុងការដ្ឋានហើយជិះរកផ្លូវចេញវិញ ពេលនោះសន្តិសុខសួរនាំមិនឲ្យចេញ ទើបជនសង្ស័យជិះម៉ូតូបកក្រោយវិញ រួចបណ្តើរម៉ូតូចូលតាមប្រឡាយលូទឹកស្អុយ ។ ខណៈនោះសន្តិសុខនិងប្រជាពលរដ្ឋប្រទះឃើញក៏សួរនាំ ហើយមានការសង្ស័យក៏បាននាំគ្នាដេញចាប់ជនសង្ស័យ ធ្វេីឲ្យរូបគេភ័យក៏ជិះម៉ូតូរត់គេចចូលទៅក្នុងលូទឹកស្អុយ បន្សល់ទុកម៉ូតូក្នុងប្រឡាយនោះ ឯមនុស្ស រកមិនឃើញឡើយ។
ម្ចាស់ម៉ូតូមានឈ្មោះ ជា ដាលីន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាកស្គូពី
ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-4481 ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងស្ទូចយកម៉ូតូឡើងលើគោក រួចស្រាវជ្រាវរកម្ចាស់ឃើញភ្លាមៗ នាំយកទៅកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បីធ្វើឯកសារប្រគល់ជូនជនរងគ្រោះវិញ៕ដោយ៖ ភារ៉ា ដង្កោ