កូរ៉េខាងត្បូងបានដាក់ទាហានក្នុងស្ថានភាពត្រៀមលក្ខណៈធ្វើសង្គ្រាម ក្រោយពីទាហានកូរ៉េខាងជើងបាន បាញ់សម្លាប់មន្ត្រីជាន់ខ្ពស់មួយរូប របស់ខ្លួននៅតំបន់សមុទ្រព្រំដែនប្រទេសទាំងពីរ ។ តាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃទី២៥ ខែកញ្ញាបានប្រកាសថា កម្លាំងទាហានទាំងអស់ស្ថិតនៅក្នុងការត្រៀមលក្ខណៈខ្ពស់ ។
តាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងទាហានត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតដល់សកម្មភាពយោធារបស់កូរ៉េខាងជើងក៏ដូចជាត្រៀមលក្ខណៈធ្វើសកម្មភាពពេលមានសង្គ្រាមផ្ទុះឡើង។
ការប្រកាសខាងលើរបស់ក្រសួងការពារជាតិ គឺក្រោយពេលកូរ៉េខាងត្បូងបានបញ្ជាក់ថា មន្ត្រីទទួលបន្ទុកដែនសមុទ្រនិងនេសាទកូរ៉េខាងត្បូងត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់ពេលបំពេញបេសកកម្មនៅតំបន់សមុទ្រជាប់ព្រំដែនប្រទេសទាំងពីរ។ មន្ត្រីដែលបាត់ខ្លួនមានអាយុ៤៧ឆ្នាំ។ កន្លងមកមានប្រភពព័ត៌មានបានលើកឡើងថា មន្ត្រីរូបនោះព្យាយាមភៀសខ្លួនចូលទៅកាន់កូរ៉េខាងជើង ។ មកទល់ពេលនេះភាគីកូរ៉េខាងត្បូងមិនទាន់បញ្ជាក់ថាហេតុអ្វីបានជាមន្ត្រីខាងលើទៅកាន់ព្រំដែនជាប់កូរ៉េខាងជើងនោះឡើយ បើទោះជាដឹងថាអាចប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ ។
កាលពីថ្ងៃទី២៤ខែកញ្ញា ប្រធានាធិបតី មូន ជេអុីនបានអំពាវនាវដល់កូរ៉េខាងជើង ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់របស់មន្ត្រីកូរ៉េខាងត្បូង។ មកទល់ពលនេះភាគីកូរ៉េខាងជើងមិនទាន់មានប្រតិកម្មអ្វីជុំវិញការទាមទារឲ្យខ្លួនទទួលខុសត្រូវពីប្រធានាធិបតីកូរ៉េខាងត្បូងនោះឡើយ។
ហេតុការណ៍ខាងលើអាចនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ ប្រឈមមុខតានតឹងដាក់គ្នាជាថ្មី បើទោះបីភាគីទាំងពីរបានខិតខំ ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងឧបទ្វីបក្តី៕ដោយ៖ធី រីណា