អន្តរជាតិ៖ កាលពីថ្ងៃទី២៤ ខែកញ្ញាម្សិលមិញនេះ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ បានស្នើសុំឱ្យប៉ូលិសបង្ក្រាបបទឧក្រិដ្ឋបច្ចេកវិទ្យាមានចំណាត់ការលើបណ្ដាញសង្គមធំៗមាន Facebook ,YouTube និងTwitter ជាដើម បន្ទាប់ពីក្រុមហ៊ុនទាំងនេះខកខានក្នុងការដកចេញរាល់មាតិការខុសច្បាប់ ទោះរងការព្រមានក្ដី។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល លោក Buddhipongse Punnakanta ជាអ្នកដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានបង្ក្រាបបទឧក្រិដ្ឋបច្ចេកវិទ្យារបស់ប៉ូលិស លោក បាននិយាយថា ក្រសួងរបស់លោកបានផ្ញើលិខិតព្រមានទៅប្រតិបត្តិករមាន Facebook YouTube និងTwitter ដោយស្នើឲ្យក្រុមហ៊ុនទាំងនេះលុបព័ត៌មានខុសច្បាប់ក្នុងរយៈពេល១៥ ថ្ងៃ ប៉ុន្តែពួកគេមិនបានសហការពេញលេញនោះទេ។
បើតាមកាសែតថៃបាងកកប៉ុស្តិ៍ បានចុះផ្សាយថា ក្រសួងខាងលើ បានភ្ជាប់link មាតិកាចំនួន៦៦១ ហើយមាតិកាចំនួន២២៥ ត្រូវបានលុបចោល, YouTube មាន៦៩ link ហើយ៥ ត្រូវបានលុប ខណៈនៅថ្ងៃទី២៣ខែកញ្ញា មាតិកាដែលផ្ញើឲ្យ Twitter ចំនួន២៨៩ ត្រូវបានលុបចោលដែរ ។
លោក Buddhipongse បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«វាជាលើកទីមួយនៅក្នុងប្រទេសថៃដែលច្បាប់ (ឧក្រិដ្ឋកម្មកុំព្យូទ័រ) ត្រូវបានអនុវត្តដើម្បីកាត់ទោសក្រុមហ៊ុនដែលផ្ដល់សេវាកម្ម។ ការចោទប្រកាន់ នឹងផ្ដោតទៅក្រុមហ៊ុនមេនៃស្ថាប័នទាំងនេះ។ ប៉ូលិសនឹងប្រើប្រាស់ច្បាប់របស់ថៃ ព្រោះបទល្មើសបានកើតឡើងនៅថៃ។ ខ្ញុំជឿជាក់ថាប៉ូលីសអាចធ្វើបាន» ។
លោក Buddhipongse បានចោទប្រកាន់ថា អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន៥នាក់ បានបង្កចលាចល ហើយផ្សាយព័ត៌មានមិនពិតទៅក្នុងប្រព័ន្ធកុំព្យូទ័រ។ មិនតែប៉ុណ្ណោះលោករដ្ឋមន្ត្រីរូបនេះ ក៏បានស្នើឲ្យប៉ូលិសតាមរកអ្នកប្រើប្រាស់បណ្តាញសង្គមដែលផ្សព្វផ្សាយសារដែលប្រមាថស្ថាប័នរាជវង្សក្នុងអំឡុងពេលនៃការប្រឆាំងនឹងរដ្ឋាភិបាលនៅថ្ងៃទី១៩ និងទី២០ខែកញ្ញាផងដែរ។ ចំណែកមនុស្សពីរនាក់ក្នុងចំណោមពួកគេ ជាអ្នកប្រើប្រាស់ហ្វេសប៊ុកដែលក្នុងនោះ មានអ្នកគ្រប់គ្រងទំព័រមួយផង ហើយបីនាក់ទៀតជាអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ដែលបានដឹកនាំបាតុកម្មដោយនិស្សិតកាលពីសប្ដាហ៍មុន។
ទាក់ទិនបញ្ហាខាងលើនេះ លោកវរសេនីយ៍ឯក Siriwat Deepor មេបញ្ជាការរងនៃអង្គភាពបង្ក្រាបបទឧក្រិដ្ឋបច្ចេកវិទ្យា ក៏បានអះអាងថា៖ ប្រតិបត្តិករបណ្តាញសង្គមដែលល្មើសនឹងបទឧក្រិដ្ឋតាមកុំព្យូទ័រត្រូវទទួលពិន័យជាទឹកប្រាក់ ៦៤០០ ដុល្លារក្នុងការបង្ហោះព័ត៌មានខុសច្បាប់មួយ ហើយមិនខកខានមិនលុបចោលទេនោះ នឹងត្រូវផាកពិន័យជារៀងរាល់ថ្ងៃចំនួន ១៦០ ដុល្លាររហូតដល់ពួកគេត្រូវបានលុបចេញ ៕ដោយ៖ស តារា