ភ្នំពេញ៖ សាកលវិទ្យាល័យកម្ពុជា បានសម្រេចប្រគល់សញ្ញា បត្របណ្ឌិតកិត្តិយស ផ្នែកសន្តិសុខសេដ្ឋកិច្ចជូនដល់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស សម្រាប់សមិទ្ធផលដ៏អស្ចារ្យជាច្រើនរបស់ លោក ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស បានប្រារព្ធឡើងនៅ រសៀលថ្ងៃ ទី២៥ ខែ កញ្ញា ឆ្នាំ២០២០ នាទីបញ្ជាការអង្គរក្ស ស្ថិតនៅទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមបញ្ជាក់ថា៖ ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនដល់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដោយផ្អែកលើកត្តាសំខាន់ៗចំនួន៣៖
កត្តាទី១គឺ លោកបានបម្រើ និងការពារថ្នាក់ដឹកនាំ និងស្ថាប័ននានានៃប្រទេសកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃ ប្រទេសនានានៅក្នុងពេលដែលពួកគាត់បានមកបំពេញទស្សនកិច្ច និងចូលរួមប្រជុំនៅក្នុង ប្រទេសកម្ពុជា។
កត្តាទី២គឺ លោក បានចូលរួមយ៉ាងសកម្មក្នុងការថែ រក្សាសន្តិភាព សន្តិ សុខ ស្ថិរភាពនយោបាយ ដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។
កត្តាទី៣គឺ លោក បានគាំទ្រយ៉ាងសកម្មដល់ ការអភិវឌ្ឍ និងការជម្រុញទំនាក់ទំនងស៊ីវិល និង យោធា តាមរយៈការជួយដល់ការងារ ដែលទាក់ទងនឹងគ្រោះ មហន្តរាយធម្មជាតិ និង ការអភិវឌ្ឍសហគមន៍។
សូមជម្រាបថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ សាកលវិទ្យាល័យកម្ពុជា ទទួលស្គាល់ និង ផ្តល់តម្លៃខ្ពស់ចំពោះឥស្សរជន ដែលមានស្នាដៃឆ្នើម និងបានចូលរួមចំណែកដល់សង្គម ទាំងក្នុងវិស័យសាធារណៈ និង ឯកជន ក៏ដូចជាក្នុងជួររាជរដ្ឋាភិបាល យោធា វិស័យសិក្សាធិការ និង ច្បាប់ជាដើម៕
ដោយ៖ សិលា