ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរងកងទ័ពជើងគោក បានចាត់ទុកយោធិនដែលចូលសោធននិវត្តន៍​ ពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និង ប្រជាជន

ចែករំលែក៖

ខេត្តតាកែវ ៖ឧត្ដមសេនីយ៍ឯក  អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម បានចាត់ទុកយោធិនដែលចូលសោធននិវត្តន៍នាពេលនេះថា ៖ ពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និង ប្រជាជន ។ ការថ្លែងបែបនេះខណៈដែល ឧត្ដមសេនីយ៍ឯក បានអញ្ជើញជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស ជូនយោធិនសោធននិវត្តន៍ចំនួន    ២៧នាក់ ចំណុះបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បន្ទាយត្រាំខ្នារ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ។

ជំនួសមុខឲ្យ លោក មេបញ្ជាការកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក  អ៊ុច វ៉ាន់ថា បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មិនអាចបំភ្លេចបានឡើយចំពោះយោធិនដែលចូលសោធននិវត្តន៍នាពេលនេះ ។ បងប្អូនពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្នុងពេលកន្លងមក ហើយក៏ជាគំរូវីរភាពមួយសម្រាប់ប្រជាជនកម្ពុជា ។ យោធិនគ្រប់រូបក្នុងកងយោធពលខេមរភូមិន្ទ បានចងចាំទុកដោយមិនអាចបំភ្លេចបាន និង បន្តរៀនសូត្រ ពីគំរូវីរភាពនេះ ទុកជាបទពិសោធន៍សំរាប់ធានាប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ ឧត្ដមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានបញ្ជាក់បន្ថែមទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលតែងតែយកចិត្តទុក្ខដាក់ គិតគូរចំពោះយោធិនយើងគ្រប់ពេលវេលាតាមរយះការកយកចិត្តទុកដាក់ ដោះស្រាយជីវភាពរស់នៅដល់ បង ប្អូន ទាំងស្មារតី សម្ភារៈ និង ថវិការ ក្នុងនោះរួមទាំងការតម្លើងប្រាក់បៀវត្ស និងការផ្តល់អត្ថប្រយោជន៏ផ្សេងៗទៀត ជាបន្តបន្ទាប់ ។

នៅក្នុងឱកាសនោះ ឧត្ដមសេនីយ៍ឯក  អ៊ុច វ៉ាន់ថា ក៏បានលើកឡើងពីស្នាដៃ គំរូវីរភាព និង ការលះបង់ ធ្វើពលិកម្ម គ្រប់បែបយ៉ាង ជូនជាតិ មាតុភូមិ របស់យោធិនយើង នាពេលកន្លងមក និងបានបញ្ជាក់ពីគោលបំណងការបំពាក់ឋានន្តរសក្តិ បំពាក់គ្រឿងឥស្សរិយយស ជូនយោធិនសោធននិវត្តន៍ក្នុងន័យលើកកម្ពស់ ផ្តល់កិត្តិយស និងការគិតគូរជីវភាពរបស់យោធិនសោធនពេលត្រឡប់ទៅរស់នៅជាជីវភាពស៊ិវិល ដែលការដាក់យោធិនចូលសោធននិវត្តន៍ និងផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ គឺអនុវត្តន៍ទៅតាមច្បាប់សោធននិវត្តន៍ ចំពោះយោធិនទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុត្តន៍គោលនយោបាយជាតិសំខាន់ៗ ចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សមត្ថភាព យោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយគោរពដឹងគុណដ៏ថ្លៃថ្លារបស់ពួកគាត់ជានិច្ច ។

ក្នុងពិធីសំណេះសំណាលឱកាសនោះដែរយោធិនសោធននិវត្តន៍ទាំង ២៧រូប បានទទួលការឧបត្ថម្ភពី ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី  ដែលក្នុង ១ នាក់ៗ ទទួលបានថវិការចំនួន ២០ម៉ឺន និងថវិការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោកចំនួន ៤០ម៉ឺន រៀលផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០នេះ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក យោធិនចូលសោធននិវត្តន៍ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិមានចំនួនសរុប ២៧រូប នារីចំនួន ០៣រូប ។ ដោយឡែកយោធិនទាំងយោធិនចូលសោធននិវត្តន៍ ២៧រូប ក៏បានការបំពាក់ជូនឋានន្តរសក្តិមួយថ្នាក់មន្ថែម៕

ដោយ៖ សិលា


ចែករំលែក៖