ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក មានលក្ខណៈជិតស្និទ និងល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពនាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់ឱ្យដឹងថា៖ កងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា និងសហរដ្ឋអាមេរិក ក្នុងក្របខណ្ឌវិស័យសន្តិសុខ គឺមានកិច្ចសហប្រតិបត្តិការជិតស្និទ និងទំនាក់ទំនងល្អប្រសើរ។ នេះបើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់អាមេរិក នាជំនួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូសន្និសីទ កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

សម្ដេចបានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់របស់ប្រទេសទាំង២ មានលក្ខណៈល្អ ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន FBI, ស្ថាប័នគយ និងអន្តោប្រវេសន៍ហៅថា (ICE), និងក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិច ដែលហៅថា Homeland Security, និងការិយាល័យសន្តិសុខប្រចាំស្ថានទូតរបស់សហរដ្ឋអាមេរិកនៅកម្ពុជាផងដែរ។ 

សម្ដេចបានលើកឡើងផងដែរថា យើងក៏មានសហប្រតិបត្តិការល្អនៅក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាពិសេសអំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ និងបទល្មើសគ្រឿងញៀនជាដើម។ 

បន្ថែមពីនេះ សម្តេចក៏បានថ្លែងអំណរគុណដល់ស្ថាប័ន FBI របស់សហរដ្ឋអាមេរិចដែលបានជួយគាំទ្រផ្តល់ជាអាហារូបករណ៍ដល់កម្លាំងនគរបាលកម្ពុជា ដែលនេះជាផ្នែកមួយក្នុងការរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្ស កងកម្លាំងនគរបាលកម្ពុជា។ 

សម្រាប់ចំណុចវិជ្ជមាននេះ សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់ប្រទេសទាំង២ ដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រទេសជាតិ ដែលជាកត្តាលីករសំខាន់ក្នុងការជម្រុញដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចសង្គម៕ 

ដោយ៖ សិលា


ចែករំលែក៖