ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមង្គលបូរី បង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ចំនួន០២នាក់និងដកហូតវត្ថុតាងថ្នាំញៀនជិត២០០ក្រាម បញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលស្រុកមង្គលបូរី បានចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន០២នាក់និងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លោក ស៊ិន  ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ជនសង្ស័យជា មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានចាប់ឃាត់ខ្លួនម្នាក់ឈ្មោះ សួរ  ជានុន ហៅខួច ភេទ ប្រុសអាយុ១៧ឆ្នាំ នៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ចំណែកម្នាក់ទៀតឈ្មោះ យ៉ាន់ រិទ្ធី ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិកោះកែវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។

ជាមួយនឹងការចុះបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០២ថង់តូច មានទម្ងន់១៧១,១២ក្រាមថ្លឹងទាំងសំបក, ទូរស័ព្ទដៃចំនួន០២គ្រឿងនិងសំបកកូនថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។ 

លោក ស្រី សារ៉ុម នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ផ្អែកតាម ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សួរ ជានុន ហៅ ខួច បានប្រាប់ថា៖ ខ្លួនបានធ្វើសកម្មភាពជួញដូរគ្រឿងញៀននេះ ជាច្រើនលើកមកហើយមុនពេលត្រូវនគរបាលឃាត់ខ្លួន។ ចំណែកថ្នាំញៀនចំនួន០២ថង់តូចនេះ មាន០១ថង់ជារបស់ខ្លួនទិញយកមកលក់ចែកចាយផ្ទាល់និង០១ថង់ទៀតខ្លួនស៊ីឈ្នួលកាន់ឲ្យគេយកទៅឲ្យមនុស្សម្នាក់ នៅស្រុកថ្មគោល ដោយបានតម្លៃ ២០ម៉ឺនរៀល។ ជនសង្ស័យបន្ទាប់ពីធ្វើការសាកសួរ រួចកម្លាំងជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តតាមនីតិវិធីច្បាប់៕ដោយ៖វណ្ណា


ចែករំលែក៖