នៅថ្ងៃទី២៨ខែកញ្ញា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថៃ (CCSA) របស់រដ្ឋាភិបាល បានសម្រេចបន្តអនុវត្តច្បាប់គ្រាមានអាសន្នបន្ថែម១ខែទៀត រហូតដលថ្ងៃទី៣១ខែតុលា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
ច្បាប់ស្តីពីគ្រាអាសន្នរបស់រដ្ឋាភិបាលថៃដែលបានអនុម័តតាំងពីខែមីនាកន្លងមក ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ច្បាប់គ្រាអាសន្នត្រូវបានពន្យារពេល ៥ លើកមកហើយ ហើយនៅថ្ងៃទី៣០ ខែកញ្ញា ច្បាប់គ្រាមានអាសន្ននឹងអស់សុពលភាព។ តាមគម្រោង ការពន្យារច្បាប់គ្រាមានអាសន្នលើកទី៦ នឹងបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីសម្រេច ។
កន្លងមក មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថៃ (CCSA) បានប្រកាសឲ្យដឹងថា ការបន្តពន្យារពេលច្បាប់គ្រាមានអាសន្ន គឺដើម្បីធានាដល់សកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ការសម្រេចពន្យារពេលច្បាប់គ្រាមានអាសន្នដោយសារតែប្រទេសជិតខាង ថៃនៅមានករណីឆ្លងច្រើន ក្នុងនោះមានប្រទេសមីយ៉ាន់ម៉ាជាដើម។
អំពីការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ នៅថ្ងៃទី២៨ខែកញ្ញា មានករណីឆ្លងថ្មី២២នាក់ គឺមកពីក្រៅប្រទេសទាំងអស់ ចំណែកការឆ្លងនៅក្នុងសហគមន៍មិនមានឡើយ។ អ្នកឆ្លងសរុបនៅក្នុងប្រទេសថៃមកទល់ពេលនេះមាន ដល់ទៅ៣.៥៤៥នាក់ និងស្លាប់៥៩នាក់៕
ដោយ៖ធី រីណា