ខេត្តកណ្តាល៖ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃច័ន្ទ១១កើតខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល លើការអនុវត្តសេចក្តីណែនាំលេខ០១៣ ចុះថ្ងៃទី០៦ខែតុលា ឆ្នាំ២០១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រចាំខែកញ្ញា និងលើកទិសដៅខែតុលាឆ្នាំ២០២០ ដឹកនាំអង្គប្រជុំ ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការចូលរួមពីលោក-លោកស្រីស្នងការរង, លោកនាយការិយាល័យជំនាញពាក់ព័ន្ធ, លោកអធិការ-លោកអធិការរងទទួលកិច្ចការប៉ុស្តិ៍ក្រុង/ស្រុកទាំង១១, លោក-លោកស្រីនាយផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុង/ស្រុកទាំង១១ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧ប៉ុស្តិ៍ផងដែរ។
សូមរម្លឹកថា៖ ក្នុងភាពជាអ្នកដឹកនាំអង្គភាព លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មិនត្រឹមតែពង្រឹងកងកម្លាំងឱ្យមានភាព ទទួលខុសត្រូវ បម្រើ ការពារ ប្រជាពលរដ្ឋប៉ុណ្ណោះ លោកទទួលយករាល់ការសំណូមពររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ពីដំណឹងជួយសង្គម ឈានដល់ការបង្ក្រាបបទល្មើសនោះជាដើម។
ការងារមួយផ្នែកទៀតក្នុងនាមជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពខេត្ត លោកស្នងការ បានចុះបំពេញការងារ មិនសំដៅលើយប់ ថ្ងៃ តាមផ្លូវគោក ផ្លូវទឹក គឺអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមទិសដៅថ្នាក់ដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវ៕
ដោយ៖ សិលា