ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខដឹកនាំ UN៖ អំពាវនាវឲ្យមេដឹកនាំអាហ្សែបៃហ្សង់ និងអាល់មេនី បង្កើតបទឈប់បាញ់គ្នា​ជាបន្ទាន់

ចែករំលែក៖

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញាឆ្នាំ២០២០នេះ បានចុះផ្សាយថា លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឲ្យមេដឹកនាំអាល់មេនី និងអាហ្សែបៃហ្សង់ បោះជំហានជាបន្ទាន់ដើម្បីទៅរកការបង្កើតបទឈប់បាញ់គ្នាមួយ។

អ្នកនាំពាក្យលោក Antonio Guterres គឺលោក ស្ទេហ្វាន ដូហ្សារិច(Stephane Dujarric) បានលើកឡើងយ៉ាងដូច្នេះថា «លោកអគ្គលេខាធិការ UN បានពិភាក្សាដោយផ្ទាល់ជាមួយលោក អ៉ីលហាម អាលីយ៉េវ (Ilham Aliyev) ប្រធានាធិបតីនៃប្រទេសអាហ្សែបៃហ្សង់ និងលោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) នាយករដ្ឋមន្ត្រីនៃប្រទេសអាមេនី។

អ្នកនាំពាក្យរូបនេះបន្តថា នៅក្នុងកិច្ចសន្ទនានោះ លោកអគ្គលេខាធិការបានសម្តែងនូវ ការព្រួយបារម្ភជាពន់ពេក ចំពោះជម្លោះប្រដាប់អាវុធនៅតំបន់ណាហ្គ័រណូការ៉ាបាក (Nagorno-Karabakh) ចំណែកលោក Antonio Guterres បានអំពាវនាវឲ្យមេដឹកនាំទាំងពីរ បោះជំហានជាបន្ទាន់ ទៅរកការបង្កើតបទឈប់បាញ់គ្នាមួយ និងចាប់ផ្តើមបើកកិច្ចចរចាគ្នាឡើងវិញ តាមយន្តការដែលមានស្រាប់កន្លងមក ដើម្បីកុំឲ្យតំបន់នេះជួបអស្ថិរភាព»

សូមជម្រាបថា កងទ័ពអាមេនី និងអាហ្សែបៃហ្សង់នៅតែបន្តបាញ់ផ្លោងដាក់គ្នា ឈានចូលមកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ បណ្ដាលឲ្យទាហាន និងជនស៊ីវិលសរុប ២១នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់រងរបួសនៅក្នុងការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពអាមេនី និងអាហ្សែបៃហ្សង់ នៅតំបន់ជម្លោះរវាងប្រទេសទាំងពីរនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលមិនធ្លាប់មាននោះឡើយ បើគិតចាប់តាំងពីឆ្នាំ២០១៦មក

ជាក់ស្តែងជម្លោះរវាងប្រទេសទាំងពីរនេះ បាននិងកំពុងបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំង ខណៈដែលដែនដីជម្លោះនោះ ស្ថិតនៅក្នុងតំបន់បំពង់បង្ហូរប្រេង និងឧស្ម័នដ៏សំខាន់ ទៅកាន់ទីផ្សារអន្តរជាតិ។ ជម្លោះរវាងប្រទេសធ្លាប់ស្ថិតនៅក្រោមអតីតសហភាពសូវៀតទាំងពីរនេះ បានផ្ទុះឡើងដំបូងកាលពីអំឡុងទសវត្សរ៍ ១៩៩០ នៅតំបន់ណាហ្គ័រណូការ៉ាបាក (Nagorno-Karabakh) ជាតំបន់ផ្តាច់ខ្លួនមួយ ដែលបានដាក់ឈ្មោះខ្លួនឯងថាសាធារណរដ្ឋអាតសាក (Artsakh)

គួរបញ្ជាក់ផងដែរថា សាធារណរដ្ឋអាតសាក (Artsakh) ឬគេស្គាល់ថាតំបន់ជម្លោះ Nagorno-Karabakh នេះ ជាផ្លូវការគឺជាទឹកដីស្ថិតនៅក្នុងផែនទីនៃប្រទេសអាហ្សែបៃហ្សង់ ប៉ុន្តែតាមពិតទៅវាត្រូវបានកាន់កាប់ ដោយជនជាតិភាគតិចអាមេនី និងទទួលការគាំទ្រពីរដ្ឋាភិបាលអាមេនី។ ដែនដីទំហំ ,៤០០គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅតែជាង១៥០,០០០នាក់មួយនេះ គឺនៅតែជាចំណុចក្តៅគគុកនៃជម្លោះរវាងអាមេនីនិងអាហ្សែនបៃហ្សង់ បើទោះបីជាត្រូវបានដាក់ ឲ្យស្ថិតនៅក្នុងឋានៈជាតំបន់ស្វយ័តទៅហើយក៏ដោយ៕

ដោយ៖ស តារា


ចែករំលែក៖