ខេត្តបន្ទាយមានជ័យ ៖ យោងតាមផែនការរបស់មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ កងការពារព្រំដែនលេខ៥០៣ បានធ្វើលំហាត់យុទ្ធដំណើរទ័ពថ្មើរជើងរយៈពេល ០១ថ្ងៃ ០១យប់ ចម្ងាយ ១៥គីឡូម៉ែត្រ។ យុទ្ធដំណើរទ័ពនេះផងដែរធ្វើឡើងដើម្បីពង្រឹងសមត្ថភាព កាយសម្បទា ដល់កងកម្លាំង ក្នុងការត្រៀមប្រយុទ្ធ ការការពារទីតាំង ចល័តអន្តរាគមន៍ក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងយល់ឱ្យបានច្បាស់អំពីយុទ្ធវិធីប្រយុទ្ធ និងល្បាតពួនស្ទាក់ លើកម្លាំងសត្រូវ ដោយផ្អែកលើអត្ថន័យជាលក្ខណៈត្រៀមការពារជាតិឱ្យមានគោលជំហររឹងមាំ ក៏ដូចជាផ្នែកមួយនៃការបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ។
ឧត្ដមសេនីយ៍ត្រី ឃួន ជឿន បានជម្រុញបន្ថែមទៅដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ធ្វើយ៉ាងណាត្រូវមានឆន្ទៈមុះមុតដើម្បីជាតិមាតុភូមិ ព្រោះនេះជាកាតព្វកិច្ចរបស់កងយោធពលខេមរភូមិន្ទ។ លោកឧត្ដមសេនីយ៍ត្រី បានពន្យល់ណែនាំដល់កងកម្លាំងទាំងអស់ដែលកំពុងប្រតិបត្តិការយុទ្ធដំណើរ កុំធ្វេសប្រហែស ដោយប្រកាន់ខ្ជាប់រាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូន ។
ជាចុងក្រោយ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានលើកទឹកចិត្ត និងកោតសរសើរដល់កងកម្លាំងទាំងអស់បានយកចិត្តទុកដាក់ក្នុងការធ្វើសកម្មភាពហ្វឹកហ្វឺនលំហាត់យុទ្ធដំណើរទ័ពបានល្អប្រសើរ ដោយឆ្លងកាត់ឧបសគ្គលំបាកៗទទួលបានជោគជ័យ៕
ដោយ៖ សិលា