ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទស្សនាភាគច្រើនយល់ថា៖ លោក ចូ បៃឌិន ធ្វើបានល្អជាងលោក ដូណាល់ ត្រាំ ក្រោយការតស៊ូមតិលើកដំបូងចំនួន៩០នាទីត្រូវបានបញ្ចប់

ចែករំលែក៖

អន្តរជាត៖ បើតាមការស្ទង់មតិ លើអ្នកទស្សនាការតស៊ូមតិរបស់ទូរទស្សន៍CNN សហការជាមួយក្រុមហ៊ុន SSRS បានយល់ឃើញថា៖ អតីតអនុប្រធានាធិបតីលោក ចូ បៃឌិន ធ្វើបានល្អជាងលោក ដូណាល់ ត្រាំ ក្រោយការតស៊ូមតិលើកដំបូងចំនួន៩០នាទីត្រូវបានបញ្ចប់នៅយប់ថ្ងៃអង្គារទី២៩ខែកញ្ញា ឆ្នាំ២០២០ (ពេលវេលានៅសហរដ្ឋអាមេរិក) ខណៈដែលប្រជាជនអាមេរិក ០៦នាក់ ក្នុងចំណោម ១០នាក់ ដែលបានទស្សនាការផ្សាយផ្ទាល់វេទិកាតស៊ូមតិបានអះអាងនៅក្នុងការតស៊ូមតិនេះ ហើយថាលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើបានល្អមានតែ២៨ភាគរយប៉ុណ្ណោះ

តាមការស្ទង់មតិរបស់ CNN បានបញ្ជាក់ទៀតថា ភាគ នៃអ្នកត្រូវបានសម្ភាសន៍និយាយថា ចម្លើយរបស់លោក បៃឌិន គួរឱ្យទុកចិត្តជាងលោក ត្រាំ(៦៥ភាគរយសម្រាប់ លោក បៃឌិន និង ២៩ភាគរយសម្រាប់លោក ត្រាំ)ចំណែកឯ ៦៩ភាគរយយល់ថា ការវាយប្រហារពាក្យសម្ដីលើលោក ត្រាំ គឺជារឿងត្រឹមត្រូវ ខណៈ ៣២ភាគរយថាការវាយប្រហាររបស់លោក ត្រាំ លើលោក បៃឌិន ត្រឹមត្រូវ។

ទន្ទឹមនឹងនេះ អ្នកដែលបានទស្សនាការតស៊ូមតិទៀតសោត ភាគច្រើនបាននិយាយថា ពួកគេជឿជាក់លើលោក បៃឌិន ជាងលោក ត្រាំ លើបញ្ហាធំៗដែលត្រូវបានលើកឡើង យកមកជជែកដេញដោលដោយក្នុងនោះសម្រាប់បញ្ហារើសអើងពូជសាសន៍៖ ៦៦ភាគរយជឿលើលោកបៃឌិន និង២៩ភាគរយជឿលើលោកត្រាំ, បញ្ហាថែទាំសុខាភិបាល៖ ៦៦ភាគរយសម្រាប់លោក បៃឌិន និង ៣២ភាគរយសម្រាប់លោក ត្រាំ, បញ្ហា COVID-19 ៦៤ភាគរយជឿលើ លោក បៃឌិន និង ៣៤ភាគរយជឿលោក ត្រាំ និងបញ្ហាតុលាការកំពូល៖ ៥៤ភាគរយឈរខាងលោក បៃឌិន និង ៤៣ភាគរយខាងលោក ត្រាំ។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចវិញ ៥០ភាគរយអះអាងថា ពួកគេពេញចិត្តលោក បៃឌិន ខណៈ ៤៨ភាគរយពេញចិត្តលោក ត្រាំនិង៦៣ភាគរយជឿថា លោក បៃឌិន មានផែនការល្អ ក្នុងការដោះស្រាយបញ្ហារបស់ជាតិ ខណៈ ៣០ភាគរយប៉ុណ្ណោះជឿថា លោក ត្រាំ មានផែនការល្អ។ ជុំវិញបញ្ហាសេដ្ឋកិច្ចដដែលនេះ ៥៥ភាគរយមើលឃើញលោក បៃឌិនជាមេដឹកនាំរឹងមាំជាងលោក ត្រាំ ដែលទទួលបានតែ៤៣ភាគរយ។

ជាមួយគ្នានោះដែរ នៅក្នុងការធ្វើសម្ភាសន៍ជាមួយអ្នកបោះឆ្នោតខាងលើដដែល មុនពេលវេទិកាតស៊ូមតិ ៥៦ភាគរយ បាននិយាយថា ពួកគេរំពឹងថាលោក បៃឌិន នឹងធ្វើបានល្អ ខណៈ៤៣ភាគរយរំពឹងថាលោក ត្រាំ នឹងធ្វើបានល្អ។ លទ្ធផលស្ទង់មតិក្រោយការតស៊ូមតិនេះ គឺវាស្រដៀងគ្នានឹងលទ្ធផលក្រោយវេទិកាតស៊ូមតិកាលពីឆ្នាំ២០១៦ ពោលគឺក្រោយការ តទល់គ្នាលើកដំបូងរវាងលោក ត្រាំ និងលោកស្រីហ៊ីលឡារី គ្លីនតុនដែរ ដោយនៅកាលណោះអ្នកដែលត្រូវបានសម្ភាសន៍ ៦២ភាគរយគិតថាលោកស្រី គ្លីនតុន នឹងទទួលបានជ័យជម្នះក្នុងការតស៊ូមតិ ខណៈ២៧ភាគរយប៉ុណ្ណោះជឿថា លោក ត្រាំ នឹងឈ្នះ។

ចំពោះអ្នកបោះឆ្នោតដែលបានទស្សនាការតស៊ូមតិ និងដែលត្រូវបានសម្ភាសន៍ខាងលើ ភាគច្រើនគឺជាអ្នកគាំទ្រគណបក្សរៀងៗខ្លួនដោយ៣៩ភាគរយជាអ្នកប្រជាធិបតេយ្យ និង ២៥ភាគរយជាអ្នកសារធារណរដ្ឋ ខណៈអ្នកទស្សនា ៣៦ភាគរយទៀតបានអះអាងថា ពួកគេជាមនុស្សឯករាជ្យ ឬមិនមានបក្ស។

គួរបញ្ជាក់ថា ក្រៅតែពីការស្ទង់មតិនេះ ការស្ទង់មតិថ្នាក់ជាតិចុងក្រោយបំផុតក៏បានបង្ហាញដែរថា លោក ចូ បៃឌិន អាយុ ៧៧ឆ្នាំ នៅតែបន្តនាំមុខដោយទទួលបានសំឡេងគាំទ្រ ៥១ភាគរយ ខណៈលោក ដូណាល់ ត្រាំ អាយុ៧៤ឆ្នាំ ទទួលបានសំឡេងគាំទ្រ ៤២ភាគរយ។ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០៕ដោយ៖ស តារា


ចែករំលែក៖