ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យ អភិបាលខណ្ឌទាំង១៤ខំប្រឹងប្រែងប្រើ ប្រាស់ឱ្យអស់លទ្ធភាព ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាដឹកជញ្ជូនយកសំរាមចេញពីក្នុងក្រុងទៅកាន់ទីលានចាក់សំរាមឱ្យបានគ្រប់ខណ្ឌ ដោយប្រើប្រាស់យន្តការគ្រប់រូបភាព ដែលត្រូវចាប់ផ្តើមជាបន្ទាន់ចាប់ពីយប់នេះទៅ។
លោក ឃួង ស្រេង បានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអភិបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក៏បានបញ្ជាឱ្យអភិបាល អភិបាលរងទទួលបន្ទុកយកចិត្តទុកដាក់តាមដាន និងពិនិត្យសកម្មភាពប្រមូលសំរាមនៅយប់នេះឱ្យបានហ្មត់ចត់ តាមស្មារតីនៃកិច្ចប្រជុំ និងយកលទ្ធផលនៃកិច្ចប្រជុំនារសៀលនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាព។
បើតាមប្រសាសន៍របស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា រដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងរថយន្តដឹកសំរាមរបស់ខ្លួនទៅតាមខណ្ឌនីមួយៗរួចហើយ ប៉ុន្តែបើមានតម្រូវការចាំបាច់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបន្ថែមទៀតនោះ សុំអភិបាលខណ្ឌចាត់ចែងជួលរថយន្តបែនដឹកដីឱ្យមកដឹកសំរាមដោយគិតតម្លៃជាតោន ក្នុង១តោនចាប់ពី១០ដុល្លារដល់ ១៤ដុល្លារអាមរិក ចំពោះឡានដែលប្រើប្រាស់ប្រេងផ្ទាល់ខ្លួន។ លើសពីនេះថែមទៀត ក៏ត្រូវជួលកម្លាំងកម្មករ រួមទាំងកម្លាំងកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រីផងដែរ ដែលក្នុងម្នាក់ៗផ្តល់ជូន១០ដុល្លារនៅពេលថ្ងៃ និងបន្ថែម៥ដុល្លារទៀតសម្រាប់អ្នកធ្វើការពេលយប់។
លោកអភិបាលរង ក៏បានស្នើឱ្យខណ្ឌនិីមួយៗជាពិសេសខណ្ឌជាយក្រុង រកទីកន្លែងឬជួលដីប្រជាពលរដ្ឋណាដែលនៅទំនេរមួយរយៈសម្រាប់ស្តុកសំរាមជាបណ្តោះអាសន្នរង់ចាំរថយន្តដឹកសំរាមមកជញ្ជូនបន្តទៅកាន់ទីលានចាក់សំរាម ធ្វើយ៉ាងណាយប់នេះយកសំរាមឱ្យអស់ពីតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ។
លោក កើត ឆែ ក៏បានសុំគោលការណ៍ពីលោកអភិបាលរាជធានីដើម្បីចាត់ចែងលេខរៀងខណ្ឌនីមួយៗឱ្យបានច្បាស់លាស់ ជាពិសេសចំពោះរថយន្តបែនដែលខណ្ឌបានជួល ដើម្បីងាយស្រួលគ្រប់គ្រង និង ត្រួតពិនិត្យ ក៏ដូចជាងាយស្រួលគ្រប់គ្រងការចំណាយនានានៅក្នុងដំណាក់កាលនេះឱ្យបានច្បាស់លាស់ ឆ្លើយតបឱ្យបានទាន់ពេលវេលាបំផុត ៕
ដោយ៖ សំរិត