ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបន្តចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកឯកភ្នំ ព្រមទាំងបាននាំយកអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តបាត់ដំបង ផ្តល់ជូនរដ្ឋបាលស្រុកឯកភ្នំ អង្ករចំនួន ៥តោន និងសភារៈគ្រឿងបរិភោគ ឧបភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនដល់ជនរងគ្រោះដោយសារជំនន់ទឹកស្ទឹងសង្កែ។
ក្នុងនោះផងដែរ លោក សេង យូអ៊ាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ឧបត្ថម្ភថវិកា ២០០០ដុល្លារ លោក កែវ សុទ្ធា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ឧបត្ថម្ភ ៥.០០០.០០០ រៀល ដល់រដ្ឋបាលស្រុកសម្រាប់ទិញសំភារៈផ្សេងៗចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកស្ទឹងសង្កែ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អភិបាល នៃគណៈអភិបាលខេត្តចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នៅស្រុកឯកភ្នំ និងបានចែកមី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តបាត់ដំបងផងដែរ។
លោក អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគិតគូរអំពីសុខភាពអនាម័យ ពីព្រោះថាកាលណាមានទឹកជំនន់ រមែងតែងតែនាំមកនូវមេរោគមួយចំនួនមកជាមួយផងដែរ៕
ដោយ៖សិលា