ព័ត៌មានទាន់ហេតុការណ៍៖

ពន្ធនាគារខេត្តបន្ទាយមានជ័យកំពុងជម្លៀសជនជាប់ឃុំចេញខណៈទឹកជំនន់វាយលុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ដោយទឹកជំនន់ហក់ឡើងខ្លាំងជាបន្តបន្ទាប់ធ្វើអោយមានការជនលិចភូមិដ្ឋាននិងអគារស្ថាប័ន មន្ទីរមួយចំនួនក្នុងក្រុងសិរីសោភ័ណ ធ្វើឲ្យអាជ្ញាធរបានបង្ខំចិត្តជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនទៅកាន់ទីទួលសុវត្ថិភាព ដោយឡែកគណៈគ្រប់គ្រងពន្ធនាគារខេត្តបន្ទាយមានជ័យក៏បានបង្ខំចិត្តធ្វើការជម្លៀសជនកំពុងជាប់ឃុំចេញពីពន្ធនាគាររបស់ខ្លួនទៅកាន់ពន្ធនាគារនៃខេត្តសៀមរាបផងដែរ។
លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានអោយដឹងថា ជនជាប់ឃុំក្នុងពន្ធនាគារនេះមានចំនួន១៦០០នាក់ក្នុងនោះស្រី១០០នាក់។ ទឹកបានហូរចូលមកក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យយ៉ាងគំហុក ធ្វើអោយមានការលិចអគាររដ្ឋបាល និងបន្តហូរចូលទៅក្នុងអគារស្នាក់នៅរបស់ជនជាប់ឃុំ។

ដូច្នេះដើម្បីបញ្ជៀសផលប៉ះពាល់ផ្សេងៗគណៈគ្រប់គ្រងសម្រេចធ្វើការជម្លៀសចេញបន្ទាន់ជនជាប់ឃុំទៅកាន់ពន្ធនាគារនៃខេត្តមួយចំនួនជាបណ្តោះអាសន្ន។  ជាក់ស្តែងជំហានដំបូងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះជនជាប់ឃុំចំនួន៨១១នាក់ស្រី៨៥នាក់ត្រូវបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាមតាមរថយន្តក្រុង។  លោកថាការជម្លៀសចេញអោយទាន់ពេលវេលានេះគឺដើម្បីបង្ការនូវហានិភ័យផ្សេងៗដែលនឹងកើតមានឡើងនៅពេលដែលទឹកវាយលុកខ្លាំងជាងនេះ។  ចំពោះជនជាប់ឃុំដែលនៅសេសសល់នឹងត្រូវជម្លៀសចេញនៅពេលបន្តបន្ទាប់គ្នាខណៈទទួលបានការឯកភាពពីថ្នាក់លើ។
សូមរំលឹកផងដែរថា ពន្ធនាគារខេត្តបន្ទាយមានជ័យបានរងការវាយប្រហារពីទឹកជំនន់បីឆ្នាំមកហើយដោយក្នុងនោះឆ្នាំ២០០៨ ឆ្នាំដំបូងនៃការដូរពន្ធនាគារមកកាន់ទីតាំងនេះជំនន់បានវាយប្រហារតិចតួច នៅឆ្នាំ២០១៣ទឹកវាយប្រហារខ្លាំងជនជាប់ឃុំត្រូវបង្ខំចិត្តជម្លៀសចេញទៅកាន់ខេត្តបាត់ដំបងនិងសៀមរាប និងឆ្នាំ២០២០នេះក៏បង្ខំចិត្តជម្លៀសចេញនូវជនជាប់ឃុំទៅកាន់ខេត្តសៀមរាប និងខេត្តដទៃមួយចំនួនផងដែរ៕ដោយ៖វណ្ណា


ចែករំលែក៖