កម្លាំងប៉ូលិសប្រេស៊ីលបានរកឃើញប្រាក់១៨ពាន់ដុល្លារនៅក្នុងផ្ទះរបស់លោកRodrigues ក្នុងចំណោមនោះមានជាង៥៥០០ដុល្លារត្រូវបានលោកលាក់ក្នុងខោទ្រនាប់ដែលកំពុងតែស្លៀកក្នុងពេលប៉ូលិសចូលទៅឆែកផ្ទះរបស់លោក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ការឆែកត្រូវបានធ្វើឡើងក្រោយពីលោករងការចោទប្រកាន់ពីបទពុករលួយ យកប្រាក់មូលនិធិសាធារណៈសម្រាប់ប្រឆាំងកូវីដ-១៩ ទៅប្រើប្រាស់ផ្ទាល់ខ្លួន ។
កាលពីថ្ងៃទី១៥ខែតុលា កម្លាំងប៉ូលិសបានសម្រុកចូលផ្ទះរបស់លោក Chico Rodrigues ស្ថិតនៅរដ្ឋ Roraima ភាគខាងជើងប្រទេសនេះ ដើម្បីស្រាវជ្រាវពាក់ព័ន្ធករណីពុករលួយ។ ក្រោយការឆែកឆេរ កម្លាំងប៉ូលិសបានរកឃើញប្រាក់១៧.៨៣៦ ដុល្លារ ក្នុងនោះមាន៥.៣៤៦ដុល្លារ លាក់នៅក្នុងខោខ្លីលោកកំពុងតែស្លៀក ។
ទាំងនោះជារឿងមួយគួរឲ្យអាម៉ាស់បំផុតសម្រាប់រូបលោកRodrigues ទើបលោកសម្រេចចិត្តលាលែងចេញពីតំណែងសមាជិកព្រឹទ្ធសភាតែម្តង ។ លោក Rodriguesជាតំណាងឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតីJair Bolsonaro ក្នុងស្ថាប័នសំខាន់មួយនេះ។
លោកRodrigues បានប្រកាសថា «ខ្ញុំជឿជាក់លើប្រព័ន្ធយុត្តិធម៌ ហើយខ្ញុំនឹងខិតខំបញ្ជាក់ថាខ្ញុំមិនបានធ្វើអ្វីខុសច្បាប់នោះឡើយ។ ចំណែកប្រធានាធិបតី Jair Bolsonaro វិញបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប្រើប្រាស់សកម្មភាពនោះដើម្បីវាយប្រហារថារដ្ឋាភិបាលរបស់លោកពុករលួយ៕ដោយ៖ធី រីណា