ព័ត៌មានទាន់ហេតុការណ៍៖

ម៉ិចស៊ីកូ ​ចាប់បានគ្រឿងញៀនជាង​២តោន នៅឆ្នេរសមុទ្រភាគខាងត្បូង

ចែករំលែក៖

កម្លាំងទាហានម៉ិចស៊ីកូ​នៅថ្ងៃ ទី​១៦ ខែតុលាបានឲ្យដឹងថា​ កាលពីថ្ងៃទី​១៥ ខែតុលា​កម្លាំងទាហានជើងទឹកប្រទេសនេះចាប់បានគ្រឿងញៀនជាង​២តោន ប្រភេទកូកាអ៊ីននៅតំបន់សមុទ្រ ជិតទីក្រុង Acapulco រដ្ឋ Guerrero។
ប្រភពព័ត៌មានពីកម្លាំងទាហានជើងទឹក បានឲ្យដឹងថា​យន្តហោះស៊ើបការណ៍ បានរក​ឃើញ​កញ្ចប់ កូកាអ៊ីន​អណ្តែតនៅលើផ្ទៃទឹក។ កម្លាំងទាហានបានចាត់បញ្ជូនទៅកាន់ទីនោះដើម្បីស្រង់​គ្រឿងញៀនទាំងអស់មានដល់ទៅ ៩៥កញ្ចប់។
កម្លាំងទាហាន ម៉ិចស៊ីកូ បានប្រកាសឲ្យដឹងថា គ្រឿងញៀនខាងលើមានដល់ទៅជាង២តោន​ ហើយគ្រឿងញៀននោះមានជាប់ពាក់ព័ន្ធជាមួយ​ការចាប់ខ្លួនបុរស​៣នាក់កាលពីថ្ងៃទី​៩ ខែតុលា​។ មនុស្ស​៣នាក់នោះត្រូវបានចាប់ខ្លួននៅតំបន់សមុទ្រ ក្រោយពេលព្យាយាមដឹកប្រេង​ប្រមាណ ២ពាន់លីត្រ​​មិនដឹងប្រភព។ មន្ត្រីក្នុងតំបន់បានសន្និដ្ឋានថា មនុស្សទាំង​៣នាក់ បានដឹកប្រេងទៅចាក់ឲ្យនាវាដឹកគ្រឿងញៀន​ចតនៅក្បែរៗនោះ។
មន្ត្រីម៉ិចស៊ីកូបានឲ្យដឹងថា ភាគច្រើន គ្រឿងញៀនដែលចាប់បាននៅតំបន់សមុទ្រប្រទេសនេះគឺត្រូវក្រុមជួញដូរគ្រឿងញៀនបញ្ជូនមក​ពីតំបន់អាមេរិកខាងត្បូង​ឬអាមេរិកកណ្តាល ដើម្បីបន្តបញ្ជូនទៅកាន់ទីផ្សារ អាមេរិក​មានតម្លៃថ្លៃ ។
តាមតួលេខពីរដ្ឋាភិបាលម៉ិចស៊ីកូ បានឲ្យដឹងថា កម្លាំងប្រឆាំងគ្រឿងញៀនចាប់បានគ្រឿងញឿនសរុបដល់ទៅ ២០តោន ក្នុងរយៈពេលពីខែមករាដល់ខែកញ្ញាឆ្នាំ​២០២០គឺច្រើនជាង ៤៦ភាគរយបើប្រៀបធៀបដំណាក់កាលដូចគ្នាឆ្នាំ​២០១៩៕

ដោយ៖ធី រីណា


ចែករំលែក៖