ភ្នំពេញ៖ សកម្មភាពជនសង្ស័យជាឃាតក បើករថយន្តបំបុកជនរងគ្រោះ ដែលគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ប្រហែលជិត១នាទី គឺបង្ហាញពីភាពសហាវព្រៃផ្សៃបំផុត ខណៈបើកបុកហើយ ខ្លាចជនរងគ្រោះមិនទាន់អស់ជីវិត រួចក៏បន្តថយរថយន្តមកកិនផ្តាច់ជីវិត ឈប់ឡានមើលថែមទៀត។ តាមរយះសកម្មភាពនេះ កើតចេញជាចម្ងល់ថា៖ តើជាបទល្មើសចរាចរណ៍ ឬអំពើឃាតកម្មគិតទុកជាមុន..?
បើតាមសមត្ថកិច្ចជំនាញខ្លះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុក និងថយកិនមនុស្សសម្លាប់ ដែលកេីតឡេីងនៅចំណុចផ្លូវលេខ១៧៣ កែងនឹងផ្លូវ៣២៨ ក្នុងសង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង២៣៖៣០ នាទីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០នោះ មានជនបង្កឈ្មោះ យ៉ាន់ណា លីណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ ៥ អឹម ក្រុមទី ៤ ភូមិ ព្រៃព្រីងខាងត្បូងទី ១ សង្កាត់ចោមចៅ ២ ខណ្ឌ ពោធិ៍សែនជ័យ ដោយបើករថយន្ដបង្កម៉ាក Lexus NX 200T ពាក់ស្លាកលេខ ភ្នំពេញ 2BH-8494។
សមត្ថកិច្ច បានឃាត់ខ្លួនជនបង្កនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមច្បាប់ នាព្រឹកស្អែកនេះ ។
មជ្ឈដ្ឋានពីប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការ របស់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានធ្វើកិច្ចការនេះស្រាវជ្រាវឈានដល់ឃាត់ខ្លួន ជនសង្ស័យជាឃាតក បាន។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទនៅយប់ថ្ងៃទី១៦ ខែតុលា មុននេះបន្តិចថា៖ ជនសង្ស័យពិតជា សមត្ថកិច្ចឃាត់ខ្លួនបានមែន ហើយចាត់ការតាមនីតិវិធីរបស់សមត្ថកិច្ចជំនាញ៕
ដោយ៖ សិលា