ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបំផ្លាញឧបករណ៍ចាប់ត្រី និងសង្រ្គោះត្រី២៥គីឡូក្រាម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីជំនាញរដ្ឋបាលជលផល ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ រួមសហការនឹងកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថ(បេសូនប្រាំ)បរិស្ថាន យោធា ចុះបំផ្លាញឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល ដោយយកកាណូតទាញបំផ្លាញចោល និងចាក់លែងត្រីចម្រុះជាង២០គីឡូក្រាមផងដែរ 

 ករណីសមត្ថកិច្ចសហការចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផលខាងលើ ធ្វើឡើងនាថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រៃលិចទឹក(ជោយស្ដី)ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឲ្យដឹងថា លទ្ធផលនៃការបង្រ្កាបនេះកម្លាំងសហការអនុវត្តបាន២ករណី របាំងសាច់អួន និងរបាំងស្បៃមុងចំនួន៦ខ្សែ ស្មើនឹងប្រវែងចំនួន១,៣៥០ម៉ែត្រ ក្បាលបរចំនួន២គ្រឿង លូកងស្បៃមុងចំនួន៨មាត់ បង្គោលចម្រឹងចំនួន៥៥០ដើម និងចាក់លែងត្រីចម្រុះចូលក្នុងបឹងទន្លេសាបវិញទម្ងន់ចំនួន២៥គីឡូក្រាមផងដែរ ។រីឯឧបករណ៍ចាប់ត្រីជាវត្ថុតាង ត្រូវបំផ្លាញចោលនៅកន្លែងតែម្តង៕ 

ដោយ៖បុឹម ពិន


ចែករំលែក៖