ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី​ចាប់ផ្តើមសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ទី៣របស់ខ្លួន

ចែករំលែក៖

សារព័ត៌មាន​ TASS របស់រុស្ស៊ី នៅថ្ងៃទី​១៦ខែតុលា បានផ្សាយថា វ៉ាក់សាំង ប្រឆាំងកូវីដ-​១៩ ទី​៣ផលិតដោយមជ្ឈមណ្ឌល Chumakov មានទីតាំងនៅ​Novosibirsk ប្រទេសរុស្ស៊ី ផលិតបានជោគជ័យ​ ដោយចាប់ផ្តើមធ្វើតេស្តជាលើកចុងក្រោយ។ បច្ចុប្បន្នរុស្ស៊ី​បានអនុញ្ញាតជាផ្លូវដល់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ពីរប្រភេទរួចមកហើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល​រុស្ស៊ី លោក Mikhail Murashko បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តវ៉ាក់សាំងទី៣ គឺស្ថិតដល់ដំណាក់កាលចុងក្រោយ ហើយនឹងប្រកាសជាផ្លូវការ នៅអំឡុងខែធ្នូឆ្នាំ​២០២០នេះ។ លោកបន្តទៀតថា «យើងសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អក្រោយការធ្វើតេស្ត»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីបានឲ្យដឹងថា ក្នុងចំណោមវ៉ាក់សាំង​៣ប្រភេទ ដែលផលិតបាន មានពីរប្រភេទប៉ុណ្ណោះ ដែលបានចុះបញ្ជី​ជាផ្លូវការ​។ កាលពីថ្ងៃទី​១១ខែសីហា រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក មានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផលិតដោយមជ្ឈមណ្ឌល N.F.Gamalei ដែលមានឈ្មោះថា​ Sputnik V ។វ៉ាក់សាំងទីមួយទទួលបានជោគជ័យយ៉ាងខ្លាំង​ក្នុងការធ្វើតេស្ត ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។
ចំណែកវ៉ាក់សាំងទីពីរ មានឈ្មោះថា​ EpiVacCorona ដែលរុស្ស៊ីបានអនុម័តនោះ កំពុងតែ សាកល្បងទៅលើក្រុមស្ម័គ្រ
ចិត្តប្រមាណ​៥ពាន់នាក់ ។ ចំណែកវ៉ាក់សាំងទី​៣ មិនទាន់ដឹងមានឈ្មោះអ្វីនៅឡើយទេ​ ដោយស្ថិតនៅក្នុងដំណាក់កាលសាកល្បង មុនពេលចុះបញ្ជី៕ដោយ៖ធី រីណា


ចែករំលែក៖