ព័ត៌មានទាន់ហេតុការណ៍៖

រត់ទៅណារួចអាក្អូន! ឆក់ភ្លែតនគរបាលខណ្ឌដូនពេញឃាត់បានភ្លាម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការរដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ភ្លាមៗក្រោយពីរូបគេធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃពីជនរងគ្រោះតាមផ្លូវ។  ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវ២៦៩កែង៦១៦ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

នគរបាលខណ្ឌដូនពេញបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ យឹម ចន្នី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។

ប្រភពពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា៖ នៅវេលាម៉ោងប្រហែល១៣និង៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ រូបគាត់ (ជនរងគ្រោះ)បានជិះម៉ូតូពីរនាក់បងស្រី ដោយជនរងគ្រោះជិះពីក្រោយតាមផ្លូវលេខ២៦៩ពីត្បូងទៅជើងដើម្បីទៅទិញអីវ៉ាន់នៅផ្សារទួលសង្កែ ពេលជិះមកដល់ចំណុចផ្លូវលេខ២៦៩កែង៦១៦ ស្រាប់តែជនសង្ស័យជិះម៉ូតូមួយគ្រឿងម្នាក់ឯងម៉ាកឃ្លីក ពណ៌ក្រហម មកពីក្រោយស្របគ្នាអែបខាងស្តាំហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចរួចក៏ជិះរត់គេចខ្លួនទៅមុខ ភ្លាមនោះជនរងគ្រោះបានជិះដេញតាមពីក្រោយស្រែកចោរៗផ្អើលឆោឡោ គាប់ជួនត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌនឹងកម្លាំងប៉ុស្តិ៍កំពុងតែល្បាតក៏បានប្រដេញបង្ក្រាបបានតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖