ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​៥​នាក់​​ស្លាប់​ ក្រោយ​ចាក់​វ៉ាក់សាំង​ផ្ដាសាយបានពីរថ្ងៃ នៅកូរ៉េខាងត្បូង

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមការអះអាងពីអាជ្ញាធរ​កូរ៉េខាងត្បូង បញ្ជាក់ថា ក្នុងពេល​១​សប្ដាហ៍​ចុងក្រោយនេះ មនុស្ស​៥​នាក់​បាន​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​រួចបានរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ​។ ប៉ុន្តែបើទោះ​ជាស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​មែន អាជ្ញាធរ​អះអាងថា មិនទាន់មាន​ភស្តុតាង​ណា​បង្ហាញថា ករណី​ស្លាប់​ទាំងនេះ​ជាប់ទាក់ទង​នឹង​ថ្នាំ​វ៉ាក់សាំង​ផ្ដាសាយ​នៅឡើយ​ទេ ហើយ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រឿងនេះ​។ ចំណែកឯបញ្ហា​នេះ​ ក៏ជា​កង្វល់​ពាក់​ព័ន្ធ​សុវត្ថិភាព​វ៉ាក់សាំង ខណៈ​កម្មវិធី​ចាក់​វ៉ាក់សាំង​រដ្ឋ កំពុង​ពង្រីក​ដើម្បី​កុំ​ឲ្យ​ស្មុគស្មាញ​ជាមួយ​យុទ្ធនាការ​ជំងឺ​កូ​វីដ​-១៩​។​

​សូមជម្រាបថា បើគិត​មក​ត្រឹម​ថ្ងៃទី ២១ ខែតុលា មនុស្ស​៨,៣​លាន​នាក់បាន​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​ក្រោម​កម្មវិធី​រដ្ឋ​កូរ៉េខាងត្បូង​។ រីឯភាពភ័យខ្លាច​ជុំវិញ​សុវត្ថិភាព​វ៉ាក់សាំង​ផ្ដាសាយនេះ បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​១៦ ខែតុលាកន្លងទៅ ក្រោយ​យុវជនម្នាក់ អាយុ​១៧​ឆ្នាំ​ បានស្លាប់ ២​ថ្ងៃក្រោយ​ចាក់​វ៉ាក់សាំង​រួច នៅ​ក្នុង​ទីក្រុង Incheon។​

​ដោយឡែកករណី​ដូចគ្នានេះ បានកើត​ឡើងលើ​បុរស​អាយុ​៧៨​ឆ្នាំ​ម្នាក់ទៀតក្នុង​ខេត្ត North Jeolla និង​បុរស​៨២​ឆ្នាំ​ម្នាក់ទៀត ក្នុង​ទីក្រុងDaejeon កាលពី​ថ្ងៃទី ២០ ខែតុលា​។ អ្នក​ទាំងពីរ​បាន​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី​១៩ខែតុលា​។ ចំណែក​អ្នកស្លាប់​២​នាក់​ចុងក្រោយ គឺ​បុរស​កូរ៉េ​៦៨​ឆ្នាំ​នៅ​កោះJeju និង​បុរស ៧៨​ឆ្នាំ នៅ​ទីក្រុង Daegu ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។

ជាមួយគ្នានេះ អនុរដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង Kim Gang-lip ក៏បានបញ្ជាក់​ក្នុង​សន្និសីទ​ព័ត៌មានមួយថា៖ «​យើង​សោកស្ដាយ​ចំពោះ​ក្តីកង្វល់​ពលរដ្ឋ​លើ​ការចាក់​វ៉ាក់សាំង​ឥតគិតថ្លៃ ហើយ [​ក្រសួង​] កំពុង​ពិនិត្យមើល​លើ​ស្ថានការណ៍​នេះ​»​។ អនុរដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូងរូបនេះ បន្ថែមថាក៏ប៉ុន្តែ​រដ្ឋាភិបាល​ក៏ត្រូវ​ស្វែងរក​មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​ទាំងនេះ​ផងដែរ​។​

​គួរបញ្ជាផងក់ថា វ៉ាក់សាំង​ផ្ដាសាយ​របស់​កូរ៉េ​ខា​ត្បូង ត្រូវបាន​ផលិត ឬ​ចែកចាយ​ដោយ​ក្រុមហ៊ុន​ឱសថ​ផ្សេងគ្នា រួមមាន ក្រុមហ៊ុន Korea Vaccine, ក្រុមហ៊ុន Boryung Biopharma, ក្រុមហ៊ុន LG Chem និងក្រុមហ៊ុន Shinsung Pharm ៕

ដោយ៖ស តារា


ចែករំលែក៖