ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកឡើងត្នោតម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីឡើងត្នោតដល់ចុងដើម្បីត្រងយកទឹកធ្វើស្ករហើយបានសួរទៅដើមត្នោតមួយទៀត បណ្តាលឲ្យបាក់ស្នួធ្លាក់មកដី។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
អាជ្ញាធរស្រុកទឹកផុសបានឲ្យដឹងថា ជនរងគ្រោះធ្លាក់ពីលើដើមត្នោតនេះមានឈ្មោះ ប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិថ្មី ឃុំ ចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាអ្នករកស៊ីឡើងត្នោត ដើម្បីយកទឹកត្នោតលក់ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានទៅឡើងដើមត្នោតដូចសព្វដង ហើយនៅទីតាំងដែលគាត់ឡើងនោះ គឺមានដើមត្នោតនៅក្បែរគ្នា ហើយដើម្បីងាយស្រួលគាត់បានធ្វើស្នួ សម្រាប់សួរពីដើមមួយទៅដើមមួយទៀត ។លុះនៅវេលាកើតហេតុពេលព្រឹកនោះ គាត់ទៅដាក់ទឹកចុះពីដើម ហើយពេលឡើងបានមួយដើម ហើយគាត់បានឆ្លងទៅមួយដើមទៀត តាមរយៈស្នួដែលធ្វើពីដើមឬស្សីបណ្តាលឲ្យបាក់ធ្លាក់មកដីតែម្តង ។ក្នុងករណីនេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះទៅដល់បម្រុងជួយសង្រ្គោះតែបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានផ្តល់ព័ត៌មានទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុហើយបានបញ្ជាក់ថា បុរសនេះស្លាប់ដោយសារធ្លាក់ពីលើដើមត្នោតពិតប្រាកដមែន និង បានប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ចន្ថា