ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងក្នុងការប្រកាសជ័យលាភីនៃអង្គភាពគំរូ ក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៃទីស្តីការក្រសួងថា ការប្រឡងប្រណាំងស្ថាប័នគំរូប្រចាំក្រសួងបរិស្ថានមិនត្រឹមតែជួយបង្កើនសមត្ថភាពដល់មន្រ្តីប្រចាំតាមអង្គភាពទេ ប៉ុន្តែវាក៏ជាផ្នែកមួយសំខាន់ដែលជួយឱ្យកិច្ចការងាររីកចម្រើនដែលបម្រើដល់ប្រទេសជាតិថែមទៀត។
លោក សាយ សំអាល់ បានលើកឡើងថា ក្នុងការបង្កើនសមត្ថភាពមន្រ្តីនិងពិសេសការរៀបចំឱ្យមានការប្រឡងប្រណាំងតាមអង្គភាពបានធ្វើឱ្យកិច្ចការងារជាច្រើនបានសន្ទុះនិងផ្លែផ្កាគួរកត់សម្គាល់។ ជាមួយគ្នាវាក៏ជាផ្នែកសំខាន់ក្នុងការជំរុញលើសមត្ថភាព និងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរឡើង។ បន្ថែមពីនេះលោករដ្ឋមន្រ្តីបរិស្ថាន ក៏បានជំរុញដល់មន្រ្តីតាមស្ថាប័ននីមួយៗត្រូវខិតខំបំពេញការងារនិងបម្រើដល់កិច្ចការងារសង្គម ប្រជាពលរដ្ឋនិងពិសេសជួយលើកស្ទួយប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះដែរលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ក៏បានឲ្យដឹងដែរថា ដើម្បីជំរុញការធ្វើទំនើបកម្មស្ថាប័នចំណុះក្រសួងបរិស្ថាន និងពង្រឹងការងារអធិការកិច្ច ក្រសួងបរិស្ថានបានរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសស្ថាប័នគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០ ដោយលើកទឹកចិត្តឱ្យអង្គភាពចំណុះក្រសួងបរិស្ថានទាំងអស់ចូលរួមក្នុងការប្រកួតប្រជែងជាជ័យលាភីអង្គភាពគំរូក្នុងវិស័យបរិស្ថានតាមរយៈការរៀបចំពង្រឹង និងកែសម្រួលលក្ខណៈវិនិច្ឆ័យគោលរបស់ខ្លួនរួមមាន៖ ១.គុណភាព ប្រសិទ្ធភាព និងទទួលសេវារដ្ឋបាល ,២.ការងារជំនាញរបស់អង្គភាព ,៣.ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអង្គភាព ,៤.ការរៀបចំ និងកែល្អបរិស្ថានក្នុងអង្គភាព ,៥. ការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរ និងដៃគូអភិវឌ្ឍ ,៦.គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីអង្គភាពមានដំណើរការកាន់តែប្រសើរ និងការប្តេជ្ញាចិត្តក្នុងការកែល្អបន្ត។
លោក ផៃ ប៊ុនឈឿន បន្តថា ក្នុងឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបានរៀបចំជ្រើសរើសអង្គភាពគំរូក្នុងវិស័យបរិស្ថានទៅលើ៤ អនុវិស័យនិងមានបេក្ខភាពដែលត្រូវជ្រើសរើសដូចតទៅ៖ ១.អង្គភាពគំរូក្នុងអនុវិស័យនាយកដ្នាន៖ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នាយកដ្ឋានប្រែប្រួលអាកាសធាតុ អគ្គាធិការដ្ឋាន នាយកដ្ឋានជីវចម្រុះ នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(ស្ទួន) ។ ២.អង្គភាពគំរូក្នុងអនុវិស័យមន្ទីរបរិស្ថានរាជធានី ខេត្ត៖ មន្ទីរបរិស្ថានខេត្តកំពង់ធំ មន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ទីរបរិស្ថានខេត្តកំពត ។ ៣.អង្គភាពគំរូក្នុងអនុវិស័យតំបន់ការពារធម្មជាតិ៖ ដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី ឧទ្យានជាតិកែបខេត្តកែប ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ឧទ្យានជាតិវីរៈជ័យខេត្តរតនគិរី និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នខេត្តឧត្តរមានជ័យ និង៤.អង្គភាពគំរូក្នុងអនុវិស័យសហគមន៍តំបន់ការពារធម្មជាតិ៖ សហគមន៍ត្មាតប៉ើយ-ធឿនក្រសាំងខេត្តព្រះវិហារ សហគមន៍អូរជាំខេត្តបាត់ដំបង សហគមន៍ទឹកធ្លាក់ច្រកល្អៀងខេត្តពោធិ៍សាត់ សហគមន៍ព្រៃធំ អន្លង់ធំខេត្តសៀមរាប និងសហគមន៍ពាមក្រសោបខេត្តកោះកុង៕
ដោយ៖ ស តារា