ព័ត៌មានទាន់ហេតុការណ៍៖

កុមារីម្នាក់ស្លាប់ដោយសារលង់ទឹកស្រះក្បែរសាលារៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ តាមសេចក្ដីរាយការណ៍នគរបាលជំនាញស្រុកសំពៅលូនឲ្យដឹងថា កុមារីម្នាក់បាននាំគ្នាទៅលេងទឹកស្រះនៅជិតសាលារៀន កំពុងតែលេង បន្ទាប់មកលោកគ្រូក៏បានហៅសិស្សចូលរៀនដល់ម៉ោងហើយ ក្នុងខណៈនោះ ស្រាប់តែបាត់សិ
ស្សម្នាក់ សង្ស័យក៏នាំគ្នាចុះទៅរាវរក ប្រទះឃើញកុមារីម្នាក់លង់ទឹក ក៏លើកយកមកសង្គ្រោះតែមិនអាចសង្គ្រោះបានស្លាប់

នគរបាលជំនាញស្រុកសំពៅលូនបានបន្តថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង១០.០០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងសាលាបឋមសិក្សាអូរទឹកវិល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ កុមារីរងគ្រោះមានឈ្មោះ ជា រីណា អាយុ៦ ឆ្នាំ រៀននៅថ្នាក់ទី១ (ខ) នៃសាលាបឋមសិក្សាអូរទឹកវិល និងមានទីលំនៅក្នុងភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន។

ប្រភពអ្នកគ្រូបន្ទុកបានប្រាប់ឲ្យដឹងថា នៅព្រឹកកើតហេតុអ្នកគ្រូបានឃើញកុមារីជនរងគ្រោះជាមួយសិស្សរួមថ្នាក់ដទៃទៀតបាននាំគ្នាទៅលេងទឹកស្រះ ភ្លាមៗនោះអ្នកគ្រូក៏បានហៅកូនសិស្សទាំងអស់ឲ្យចូលមកក្នុងថ្នាក់រៀនវិញ បានមួយសន្ទុះស្របពេលដែលគាត់(អ្នកគ្រូ)កំពុងដាក់ពិន្ទុកិច្ចការផ្ទះស្រាប់តែបាត់សិស្សជនរងគ្រោះសល់តែកាបូបដាក់សៀវភៅនៅក្នុងថ្នាក់រៀនក្រោយបាត់កុមារីរងគ្រោះយូរគាត់មិនអស់ចិត្តក៏ដើរទៅមើល ហើយសង្ស័យក៏ចុះរាវរកមើលក៏ស្រាប់តែប្រទះជនរងគ្រោះឋិតក្នុងសភាពធ្ងន់ធ្ងរបាត់ទៅហើយទោះជាប្រើប្រាស់វិធីសង្គ្រោះបឋមយ៉ាងណាក៏មិនអាចសង្គ្រោះបាន។

ក្រុមគ្រួសារឪពុកម្តាយ និងនាយកសាលាបានអំពាវនាវដល់បណ្តាសប្បុរសជនទាំងឡាយជួយឧបត្តម្ភគាំទ្ររំលែកទុក្ខដល់ក្រុមគ្រួសារសពកុមារីរងគ្រោះខាងលើនេះផងព្រោះគ្រួសារមួយនេះមានជីវភាពក្រក្សត់ណាស់៕ ស សារ៉េត


ចែករំលែក៖